អាថ៌កំបាំងអំពីបាតដៃ ៥៤ ដែលត្រូវកាត់ផ្តាច់ ហើយបានរកឃើញក្នុងទន្លេទឹកកកមួយរបស់រុស្ស៊ី ទើបត្រូវបានបំភ្លឺ។
មុនពេលដែលការពិតអំពីបាតដៃមនុស្សចំនួន ៥៤ ត្រូវបានរកឃើញក្នុងស្រទាប់ព្រិល នៃទន្លេទឹកកក Amur នាទីក្រុង Khabarovsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី មានពាក្សចរចាអារាមជាច្រើនបានលេចឮ។
មនុស្សមួយចំនួនលើកឡើងថា នេះអាចជាបាតដៃរបស់ពួកចោរដែលត្រូវគេកាត់ផ្តាច់ ខ្លះទៀតថា នេះអាចជាបាតដៃដែលបានត្រូវគេកាត់ចេញពីបណ្តាសាកសពនៅមន្ទីរពេទ្យ។ល។
បាតដៃមនុស្សចំនួន ៥៤ ត្រូវបានរកឃើញនៅឆ្នេរទឹកកក ប៉ុន្តែតាមកាសែត Siberian Times គណៈកម្មការស៊ើបអង្កេតប្រចាំតំបន់នោះបានសន្និដ្ឋានថាពុំមានកត្តាប្រតិកម្មអ្វីឡើយ វាជាបាតដៃមួយចំនួនត្រូវបានការិយាល័យកោសល្យវិច្ច័យយកទៅចោលខុសទីកន្លែងកំណត់។ តាមនោះ នៅរុស្ស៊ីបណ្តាសាកសពដែលពុំមានសាច់ញាតិមកទទួល ត្រូវបានគេកាត់បាតដៃទុក ដើម្បីរក្សាក្រយ៉ៅដៃពេលចាំបាច់ ។ បើតាមកាសែតរុស្ស៊ីជាច្រើននោះបណ្តាបុគ្គលិកកោសល្យវិច្ច័យ អាចប្រឈមមុខនឹងការដាក់ពិន័យធ្ងន់ធ្ងរ ឬត្រូវចោទប្រកាន់ទោស ព្រោះពុំបានថែទាំសាកសពត្រឹមត្រូវតាមបទដ្ឋានកំណត់។ ក្រៅពីនោះភាគីប៉ូលិសក៏បានស្វែងយល់ពីមូលហេតុថា ការិយាល័យកោសល្យវិច្ច័យនេះ ពុំប្រើបច្ចេកវិទ្យាដើម្បីរក្សាទុកស្នាមក្រយ៉ៅដៃ ចាំកាត់ផ្តាច់វាចេញពីសាកសពបែបនេះ៕ ចន្ទ្រា