សៀមរាប ៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ា ប្រទេសជប៉ុន កំពុងដំណើរការជួសជុលតួកណ្តាល នៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតដួលរលំ ស្ទើរទាំងស្រុង ដោយសារកត្តាអាយុកាល មនុស្ស និងកត្តាធម្មជាតិ។ រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលជាង ៦០ភាគរយហើយ។
លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុល របស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា ចាប់ពីការចាប់ផ្តើមអនុវត្តគម្រោង ជួសជុលតួកណ្តាលប្រាសាទតុបខាងលិច ពីឆ្នាំ២០១៧ រហូតដល់ពេលនេះ យើងបានធ្វើកិច្ចការសំខាន់ៗជាច្រើន ទៅតាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) ដោយរុះរើទាំងស្រុង តួប៉មកណ្តាល ចាប់ពីដំបូលចុះមកគ្រឹះថ្មបាយក្រៀមចាស់ រួចធ្វើការបង្ហាប់ពង្រឹងបណ្តាទីតាំងចន្លោះប្រហោង នៅផ្នែកខាងក្រោម ដែលជាចំណុច បង្កឱ្យមានការស្រុតរលំតួប្រាសាទ ហើយធ្វើការរៀបផ្គុំតួប៉មឡើងវិញ ទៅតាមលំនាំដើមទាំងស្រុង។ ក្នុងការរៀបផ្គុំឡើងវិញនេះ យើងបានប្រើប្រាស់ថ្មថ្មីប្រហែលពី ២០ ទៅ២៥ភាគរយជំនួសថ្មចាស់ ដែលពុកផុយ និងបាត់បង់ (ថ្មថ្មីដែលយកជំនួសយើងមិនបានឆ្លាក់ក្បាច់ឱ្យដូចថ្មដើមវិញទេ គឺគ្រាន់តែឆ្លាក់ជាហេតុៗប៉ុណ្ណោះ)។ គម្រោងនេះ គ្រោងនឹងបញ្ចប់នាអំឡុងខែមីនា ឆ្នាំ២០២២ខាងមុខ។
លោកបន្តទៀតថា មុនឈានដល់ការជួសជុលតួកណ្តាលនេះ វិទ្យាស្ថានជាតិណារ៉ា ធ្លាប់បានចូលរួមជួសជុលតួខាងត្បូង និងខាងជើង របស់ប្រាសាទតុបនេះ នាចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៧។ ជាបន្តបន្ទាប់ទៀត ក្រោយពីបញ្ចប់គម្រោងនេះ វិទ្យាស្ថានជាតិណារ៉ា នឹងបន្តធ្វើការជួសជុលកែលម្អរចនាសម្ពន្ធជុំវិញ ព្រមទាំងខឿនមុខប្រាសាទបន្តទៀត។
ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ (ទិសនិរតីនៃប្រាសាទបាយ័ន្ត) ជាប្រាសាទបែបព្រះពុទ្ធសាសនា មានតួប៉ម៣ នៅលើខឿនតែមួយ បែរមុខទៅទិសខាងកើត។ ប្រាសាទនេះ គេយល់ថាសម័យដែលសាងនោះ គឺសតវត្សរ៍ទី១០។ ប៉ុន្តែប្រាសាទទាំងមូល ដែលយើងឃើញសព្វថ្ងៃ គឺជាការកែបន្ថែមបន្ថយ ដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ