Sunday, February 5, 2023

សម្តេច​តេជោ បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ខេត្ត​បាត់ដំបង ទៅ​សិរីសោភ័ណ ប្រវែង ៨៥​គីឡូម៉ែត្រ​

spot_img

​​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា ចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​ធ្វើអោយ​ប្រសើរឡើង​នូវ​កំណាត់​ផ្លុវជាតិលេខ​៥ ពី​ខេត្ត​បាត់ដំបង​ឆ្ពោះទៅ​កាន់​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ប្រវែង ៨៥​គីឡូម៉ែត្រ​។​

​ក្នុង​ពិធី​ថ្ងៃនេះ ក៏​មាន​ការចូលរួម​ពី លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង សមាជិក​នៃ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង​រាប់ពាន់​នាក់​ផង​ដែរ​។​

​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​បាត់ដំបង​-​សិរីសោភ័ណ ដែល​បើក​ការដ្ឋាន​សាងសង់​នេះ គឺជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ​(AC)​កម្រាស់ ១៥​សង់ទីម៉ែត្រ និង​ពង្រីក​ឲ្យ​កាន់តែ​ធំ​ជាង​មុន មាន​៤​គន្លង​។ ក្រៅ​ពី​ការស្តារ និង​ពង្រីក​កំណាត់​ផ្លូវ​នេះ ក៏​មាន​ការសាងសង់​ផ្លូវ​វាង​ក្រុង​២​ខ្សែ​ផងដែរ ក្នុងនោះ​គឺ​មាន​ផ្លូវ​វាង​ក្រុង​បាត់ដំបង​ប្រវែង ២៣,៩២​គីឡូម៉ែត្រ និង​ក្រុង​សិរីសោភ័ណ​ប្រវែង ៩,៣៤​គីឡូម៉ែត្រ ដែល​ទាំង អស់​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១៩.៩៨៨​លាន​យេន​ជប៉ុន ស្មើនឹង​១៨៥​លាន​ដុល្លារ​អាមេរិក​។ ចំណាយ​ពេល​សាងសង់​ចំនួន ៣៦​ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​២០២០​។​

​សម្តេច​តេជោ បាន​ថ្លែងថា កម្ពុជា​មាន​សុខសន្តិភាព​ពេញលេញ​មក​ទល់​សព្វថ្ងៃ​នេះ គឺ​បានមកពី​បាតដៃ​កម្ពុជា ដែល​បាន​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​មាន​បំណង​បញ្ចប់សង្គ្រាម និង​ការបែកបាក់​រវាង​ខ្មែរ​នឹង​ខ្មែរ​។ ខ្ញុំ​សូម​អរគុណ​ដល់​ភាគី​ពាក់ព័ន្ឋ​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​។ នេះ​គឺជា​ប្រវត្តិសាស្ត្រ​ពិត​។ សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​បន្ត​ចូលរួម ថែរក្សា​ការពារ​សន្តិភាព ដើម្បី​កម្ពុជា​យើង កាន់តែ​មាន​ឱកាស អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។​

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ផ្លូវជាតិ​លេខ​៥ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ច្រកទ្វារព្រំដែន​ប៉ោយ​ប៉ែត​-​អរញ្ញ​ប្រាថេត (​ព្រំដែន​កម្ពុជា​-​ថៃ​) ឆ្លងកាត់​ខេត្ត​ចំនួន​៦ កាត់​តាម​ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ដែល​មាន​សក្តានុពល និង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និង​ភស្តុភារ​កម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ផ្លូវជាតិ​លេខ​៥ មាន​ភាព​មមាញឹក​ខ្លាំង និង​ជា​ចំណែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១ និង​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ដ៏​មាន​សក្តានុពល​របស់​ម​ហា​អនុ​តំបន់​មេគង្គ GMS ដែល​ត​ភ្ជាប់​គ្នា​រវាង​ទីក្រុង​បាងកក ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​។​

​បើ​តាម​លោក ស៊ុន ចាន់ថុល ប្រទេស​ជប៉ុន​បាន​ចាត់ទុក​ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវជាតិ​មាន​សក្តានុពល​លេខ​១​របស់​កម្ពុជា គឺជា​របៀង​សេដ្ឋកិច្ច​កើត​-​លិច​ទី​២ ដ៏​សំខាន់ និង​មាន​ការប្រកួតប្រជែង​ខ្លាំង​សម្រាប់​ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភា​រកម្ម វិនិយោគ និង​សេដ្ឋកិច្ច នៃ​មហា​អនុ​តំបន់​មេគង្គ GMS​។​

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ថា ដោយ​មើលឃើញ​ពី​សារសំខាន់​នៃ​ផ្លូវ​នេះ មាន​ភាព​មមាញឹក និង​ស្ថានភាព​ខូចខាត របស់​ផ្លូវ ព្រមទាំង​ការលំបាក​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ និង​ការដឹកជញ្ជូន​ផ្សេងៗ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើសុំ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន ដើម្បី​សាងសង់​លើក​កម្រិត និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ​ជា ៤​គន្លង ចាប់​ពី​ស្ពាន​ព្រែក​ក្តាម ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល រហូត ដល់​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ស៊ុន ចាន់ថុល បន្ទាប់ពី​សាងសង់​រួច ផ្លូវជាតិ​លេខ​៥​នេះ នឹង​ក្លាយទៅជា​ផ្លូវ​មួយ​ដ៏​ទំនើប មាន​ភាពរឹងមាំ និង​ទូលាយ ដែល​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​នានា​ឲ្យ​កាន់តែ​ឆាប់រហ័ស​។ ជាងនេះទៀត​ការធ្វើឲ្យ​ប្រសើ​រឡីង​នៃ​ផ្លូវ​នេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ កាន់តែ​មាន​ជីវភាព​ប្រសើរ​ជាង​មុន និង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគិន​បន្ថែម​ទៀត​មក​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់​ថា ចាប់ពី​ឆ្នាំ​១៩៩៣ រហូតដល់​បច្ចុប្បន្ន ជប៉ុន​បាន​ផ្តល់​នូវ​បច្ចេកទេស និង​ជំនួយឥតសំណង ព្រមទាំង ហិរញ្ញប្បទាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ការស្តារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​ជាច្រើន ក្នុងទិសដៅ ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​កម្ពុជា លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ជប៉ុន​បាន​ស្តារ និង​សាងសង់​ផ្លូវ ចំនួន ៣ ខ្សែ (​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​១) ប្រវែង​សរុប ២៥៤,៣ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ១៨៩,១ លាន​ដុល្លារ​អាមេរិក ។ គម្រោង កំពុង​សាងសង់ ចំនួន ១​ខ្សែ (​ផ្លូវជាតិ​លេខ​៥) មាន​ប្រវែង​សរុប ៣៦៦ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

    

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២