បើនិយាយពីឈ្មោះ អេ ភូថង នោះមហាជនមិនថាក្មេង ឬ ចាស់ ប្រាកដណាស់បានស្គាល់យ៉ាងច្បាស់រួចហើយ ព្រោះថាលោកគឺជាអតីតកីឡាករជើងខ្លាំងគុនខ្មែរលំដាប់កំពូលប្រចាំកម្ពុជា ដែលពុំមានកីឡាករក្នុងស្រុករូបណា អាចឈ្នះលោកឡើយ និយាយឲ្យខ្លីទៅ គឺគ្មានគីឡូវ៉ៃជាមួយ។ លើសពីនេះ លោកកាន់តែល្បីឈ្មោះខ្លាំង ក៏ដោយសារតែភាគច្រើនបានផ្តួលកីឡាករបរទេស ដែលប្រកួតលក្ខណៈអន្តរជាតិ យ៉ាងហោចណាស់ទឹកទី១ ទឹកទី២ ជាមួយទម្ងន់ជើង កែង ជង្គង់ហោះ និងកណ្តាប់ដៃដ៏ធ្ងន់ៗរបស់លោក ដែលរហូតធ្វើឲ្យលោកត្រូវបានផ្តល់រហ័សនាមថា «កែងឆេះជង្គង់ហោះ អេ ភូថង»។
តែទោះយ៉ាងណា ដោយសារវ័យកាន់តែជ្រែ លោក អេ ភូថង ក៏បានលាឈប់ពីវិស័យកីឡាប្រដាល់ និងក្លាយជាគ្រូបង្វឹកដល់កីឡាករជំនាន់ក្រោយៗ អស់រយៈពេលជាច្រើនមកហើយ។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ លោកបានធ្វើមហាជន និងអ្នកគាំទ្រ ភ្ញាក់ផ្អើលស្ទើរមិនចង់ជឿ ខណៈលោកបានបង្ហាញឲ្យឃើញស្ថានភាពរូូបរាងកាយរបស់លោកធាត់ដ៏ជ្រុសហួស ស្ទើរតែដើរមិនរួច នៅក្នុងអំឡុងក្រោយធ្វើបុណ្យសពម្តាយរួច។
ដោយឡែក កាលពីពេលថ្មីៗនេះ លោកគ្រូ អេ ភូថង បានធ្វើឲ្យមហាជនមានការរន្ធត់តក់ស្លុតជាខ្លាំង ខណៈឃើញលោកកំពុងត្រូវបានសង្គ្រោះបន្ទាន់ បន្ទាប់វិជ្ជមានជំងឺកូវីដ១៩ និងបូករួមទាំងជំងឺប្រចាំកាយជាច្រើនមុខដូចជា លើសជាតិស្ករ លើសជាតិអាសុីត ខ្លាញ់រុំបេះដូង និងសម្ពាធសរសៃបេះដូង ដែលបណ្តាលមកពីការឡើងធាត់ជ្រុលដ៏ហួសប្រមាណ។
តែយ៉ាងណា ក្រោយសម្រាកព្យាបាល ១សប្ដាហ៍ជាង នៅពេលនេះ ឃើញថាអាការៈរបស់លោក អេ ភូថង បានត្រឡប់មកធូរស្រាលច្រើនវិញហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ នៅឯមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ជាមួយគ្នានេះផងដែរ ដោយសារតែមានក្តីអាណិតអាសូរខ្លាំងពេក ដល់លោកគ្រូ អេ ភូថង ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡា បានឧបត្ថម្ភនូវថវិកាសរុបចំនួន ២,០០០ ដុល្លារ ដើម្បីសម្រាលទុក្ខលំបាក ស្របពេលលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយផ្សេងៗផងដែរ។
ពិធីប្រគល់អំណោយ និងសួរសុខទុក្ខ នេះផងដែរ គឺត្រូវបានរៀបចំឡើងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា រួមនឹងសមាជិក សមាជិកាផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
ក្នុងនោះ ឯកឧត្តម សុខ សង្វារ បានបញ្ជាក់ឲ្យដឹងផងដែរថា ថវិកាឧបត្ថម្ភចំនួន ២,០០០ ដុល្លារ នេះគឺជាអំណោយរួមចំណែករបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវចំនួន ១០០០ ដុល្លារ និងថវិការៃអង្គាសពីក្រុមការងារផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំនួន ១០០០ ដុល្លារ បន្ថែមទៀត។
ទន្ទឹមនឹងនោះផងដែរ លោក អេ ភូថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំលែកទុក្ខលំបាករបស់ក្រុមគ្រួសារលោក និងយកចិត្តទុកដាក់ខ្ពស់លើកស្ទួយវិស័យកីឡាជាតិយើង។ លោកក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកខ្ពស់ ក្នុងការជួយព្យាបាលរូបលោក ដែលស្ទើរតែគ្មានសង្ឃឹមឲ្យបានធូរស្បើយឡើងវិញនៅពេលនេះ។
ជាចុងក្រោយ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំយ៉ាងយកចិត្តទុកដាក់ ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដែលជួយឲ្យរូបលោក និងពលខ្មែរជាច្រើនទៀត អាចឆ្លងផុតពីដំណាក់កាលស្លាប់មកជាសះស្បើយវិញបាន។ ហើយលោកក៏បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបង្ការការពារពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តតាមការណែនាំរបស់សុខាភិបាលឲ្យបានជាប់លាប់ និងពិសេសវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ព្រោះយើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងនោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង