Saturday, November 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាសថា គ្មាន​ការចរចា ជាមួយ​ក្រុម​មនុស្ស​ប្រឆាំង​

​​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ជំហរ នឹង​គ្មាន​ការចរចា​ជាមួយ​លោក សម រង្ស៊ី និង​ក្រុម​មនុស្ស​១១៨​នាក់​នោះ​ទេ ដែល​តុលាការ​កាត់​សិទ្ធិ​នយោបាយ បន្ទាប់​ពី​ក្រុមប្រឆាំង​បាន​ដុត​រូប​សម្តេច​តេជោ នៅ​អូស្ត្រាលី។

​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ការចរចា​ជាមួយ​លោក សម រង្ស៊ី ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ជប៉ុន មិន​បាន​ដាក់​គំនាប ណាមួយ លើ​សម្តេច ឲ្យមាន​ការចរចា ជាមួយ​លោក សម រង្ស៊ី ។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ប្រព័ន្ធ​ផ្សាយ​មួយ​ចំនួន រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ ជាពិសេស គឺ​លោក​សម រង្ស៊ី បាន​បង្ហាញ​ក្តីសង្ឃឹម​ខ្ពស់ ទៅ​លើ​លទ្ធភាព​ចរចា ជាមួយ​សម្តេច​តេជោ ហ៊ុន សែន បន្ទាប់ពី​មាន​ជំនួប​មួយ រវាង​សម្តេច​ជាមួយ​លោក Kentaro Sonoura ទីប្រឹក្សា​នាយក​រដ្ឋមន្ដ្រី​ជប៉ុន កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​កន្លងទៅនេះ។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា លទ្ធភាព​នៃ​ការចរចា​ជាមួយ​ទណ្ឌិត សម រង្ស៊ី មិនអាច​កើត​មាន​នោះឡើយ​។ បើ​តាម​សម្តេច​តេជោ លទ្ធភាព​នៃ​ការចរចា មិនអាច​ធ្វើទៅបាន​ដោយសារតែ​លោក សម រង្ស៊ី តែង​បាន​ធ្វើ​សកម្មភាព វាយប្រហារ​សម្តេច ដូចជាការ ដុត​រូប​នៅ​ប្រទេស​អូស្ត្រាលី និង​បណ្តា​ប្រទេស​នានា និង​សារ​ឲ្យ​កងទ័ព​បង្វែរ​ចុង​អាវុធ​រក​រាជរដ្ឋាភិបាល​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា “​ថ្ងៃនេះ​ខ្ញុំ​មាន​សារ​ជាក់លាក់​មួយ ដើម្បីឲ្យដ​ល់​ពួក​ជ្រួលជ្រើម​ទាំងឡាយ​ដែល​ប៉ុន្មាន​ថ្ងៃនេះ និយាយ​ពី​ការចរចា តាមរយៈ​បេសកជន​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​មក​ជួប​ជាមួយ​ខ្ញុំ ហើយ​ក្នុង​ពេល​នោះ បាន​និយាយ​ពី​បញ្ហា​ច្រើន ណាស់ ហើយ​ទីបំផុត​គាត់​ស្ទាបស្ទង់​មើល​តើ​មាន​លទ្ធភាព​នឹង​ការចរចា​ឬទេ ។ ខ្ញុំ​បាន​សួរ​គាត់​ថា តើ​ការចរចា​ជាមួយ​អ្នក​ណា ហើយ​គាត់​ថា​ចរចា​ជាមួយ​ក្រុម​មនុស្ស​មួយចំនួន ។ គាត់​មិន​ហ៊ាន​ថា ព្រោះ​គាត់​គោរព​ច្បាប់​របស់​កម្ពុជា គោរព​សាលក្រម​របស់​កម្ពុជា ។ គាត់​អត់​មិន​និយាយ​ថា​ចរចា​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ ឬ​ចរចា​ជាមួយ​នរណា គឺ​ចរចា​ជាមួយ​មនុស្ស​មួយ​ក្រុម​។ ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​ថា ខ្ញុំ​អត់​មាន​សិទ្ធិ​ចរចា​ជាមួយ​គាត់​ទេ ព្រោះ​ខ្ញុំ​ត្រូវ​គោរព​តាម​សាលក្រម​របស់​តុលាការ បើសិន​ជា​ខ្ញុំ​ចរចា ខ្ញុំ​នឹង​ត្រូវ​ជាប់​ទោស​ដោយ​ខ្លួនឯង ។ អ្នក​ដែល​ប្រឆាំង​នឹង​សាលក្រម​តុលាការ​កំពូល នឹង​ត្រូវ​ជាប់គុក និង​ត្រូវ​មានទោស ជាប់គុក​២​ឆ្នាំ​កន្លះ​(២​ឆ្នាំ​៦​ខែ​)​ថែម​ទៀត​។​គាត់​បញ្ជាក់​ហើយ​បញ្ជាក់​ថែមថា​គោរព​អធិបតេយ្យ​ជាតិ​កម្ពុជា បន្ត​ផ្តល់​ជំនួយ​និង​កិច្ចសហការ​ដោយ​មិនបាន​ធ្វើ​ការកៀបសង្កត់​អ្វី​ទេ ហើយ​ម្យ៉ាងទៀត មិនមែន​ជា​កាតព្វកិច្ច​របស់​ជប៉ុន ដែល​មក​កៀបសង្កត់​ខ្មែរ “​។

​សម្តេច​បាន​បន្ថែមថា “​បើ​តាម​ទិដ្ឋភាព​ផ្លូវច្បាប់ មិន​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើការ​ចរចា ហើយ​គាត់​និយាយ​ថា​តើ​លទ្ធភាព​ដោះស្រាយ​ឲ្យ​មនុស្ស​១១៨​នាក់ ដែល​អាច​ធ្វើ​សកម្មភាព​នយោបាយ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ច្បាប់​នៅ​កម្ពុជា អត់​ទាន់​មានច្បាប់​លើកលែង​ទោស​សម្រាប់​អ្នក​ហាមឃាត់​អ្នកទោស​ធ្វើ​នយោបាយ​អត់​ទាន់​មាន គឺមាន​តែ​ច្បាប់​ពន្ធនាគារ ដែល​អនុញ្ញាត​នាយករដ្ឋមន្ត្រី ធ្វើ​ការសុំ​លើកលែង​ទោស​ចំពោះ​អ្នក​ដែល​ជាប់​គុក​មាន​សាលក្រម​ស្ថាពរ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​ច្បាប់ ដើម្បី​នឹង​លើកលែងទោស ឲ្យ​អ្នក​ដែល​ត្រូវ​កាត់​សិទ្ធិ​នយោបាយ ។ លោក​ឯង​សុំ​ដុត​រូបខ្ញុំ​ស្រស់ៗ ហើយ​មក​សុំ​ចរចា​ជាមួយ​ខ្ញុំ ហើយ​ឥឡូវ​អ្នក​ឯង​ថា​ហ៊ុន​សែន​ត្រូវ​កងទ័ព​ប្រឆាំង អីចឹង​លោក​ឯង​មិន​ចាំ​អី​មក​ចរចា ចាំ​ហ៊ុនសែន​រំលំ​ទៅ វា​មិន​ស្រួល ។ កងទ័ព​ក៏​ប្រឆាំង នៅក្នុង​គណបក្ស​ក៏​ប្រឆាំង ប្រជាជន​ក៏​ប្រឆាំង អីចឹង​សូម​លោក​មិន​បាច់​មក​ចរចា​ទេ ព្រោះ​ខ្ញុំ​កំពុង​ខ្សោយ​ស្រាប់​ហើយ ហើយ​រក​ការចរចា​រក​ខ្មោច​អី “​។

​សម្តេច​តេជោ “​បានប្រកាស​ដាច់ខាត អត់​ចរចា​ប្រាប់​ឲ្យ​ហើយ​”​។ “​ខ្ញុំ​បញ្ជាក់​តែ​ពីរ​ចំណុច​ទេ ទី​១ គ្មាន​ការចរចា​ជាមួយ​ពួក​ក្បត់ជាតិ ទី​២ គ្មាន​ការលើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​ឲ្យ​ពួក​ក្រុម​ក្បត់ជាតិ​នេះ​ទេ​។ លោក​ឯង​ចង់​ថា​ម៉េច​ថា​ទៅ ធ្វើ​អី​ធ្វើទៅ កាលពីមុន​ម៉េច​លោក​ឯង​មិន​នៅ​ឲ្យ​ស្ងៀម ធ្វើឲ្យ​វា​ស្រួល លោក​ឯង​បង្កើត​នូវ​ហឹង្សា តាមរយៈ​នៃ​ការដុត​រូប ហ៊ុន សែន គ្រប់​ទីកន្លែង ហើយ​ឥឡូវ​ខាប​យក​ព្រលឹង​ហ៊ុន​សែន​ទៅ ព្រោះ​ហ៊ុន​សែន​កំពុងនិយាយ​ខ្លាំងៗ​ណាស់ “​។ សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​។

​សម្តេច​តេជោ បាន​ថ្លែងថា រឿង​នៅ​អូស្ត្រាលី បានបញ្ចប់​ហើយ បែរជា​មក​ប្រឌិត​រឿង​ជប៉ុន​វិញ ហើយ​ជប៉ុន មិនមែន​មក​ធ្វើ​រឿង​ឆ្កូតៗ​នោះទេ ជប៉ុន​ស្គាល់​អធិបតេយ្យ និង​ឯករាជ្យភាព​របស់​កម្ពុ​ជា ក្នុងពេល​ក្នុងពេល​បើក​ការដ្ឋាន​ស្ថាន​ផ្លូវ​ក្រោម​ជំនួយ​របស់​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៦​ខែ​មីនា​នៅ​ខេត្ត​បាត់ដំបង គឺ​ជប៉ុន​បាន​ពិភាក្សា​ក្នុង​វេទិកា​មួយ​ផ្សេង​ទៀត ប៉ុន្តែ​មិនមែន​ពិភាក្សា​ប្រធានបទ​របស់​លោក​ឯង​ទេ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ដាក់​ចេញ​នូវ​គោលការណ៍​៣​ចំណុច​ថែមទៀត សម្រាប់​ការអនុវត្ត​ជាមួយ​ក្រុម​បក្ស​ដែល​ត្រូវ​រំលាយ​។ គោលការណ៍​៣​ចំណុច​នោះ គឺ​ពីរ​អត់ និង​មួយ​មាន អត់​ចរចា អត់​ដោះលែង និង​មាន​ការបោះឆ្នោត​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ឱកាស​នៃ​ការចរចា​ជាមួយ​ទណ្ឌិត សម រង្ស៊ី មិន​មាន​ទៀត​នោះទេ ហើយ​ថែមទាំង​ប្រកាស​អនុវត្តន៍​នយោបាយ​ដែល​​​ដាក់​ចេញ​ដោយ​លោក សម រង្ស៊ី មាន​សែន អត់​ស៊ី មាន​ស៊ី អត់​សែន​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​បច្ចុប្បន្ន មាន​តែ​សែន អត់​មាន​ស៊ី​នោះឡើយ​។​

​សម្តេច​តេជោ បាន​សង្កត់​ថា សម្តេច​នឹង​កម្ចាត់​លោ​​ក សម រង្ស៊ី ឲ្យ​ដូចដែល​សម្តេច​កម្ចាត់ ប៉ុល ពត ។ ខ្ញុំ​ដាក់​ចេញ​នយោបាយ​ដូច​កម្ចាត់​ហ្អែ​ង​ដូច​កម្ចាត់ ប៉ុល ពត អ៊ីចឹង​។ ប៉ុល ពត ប៉ុណ្ណឹង​គង់​អស់រលីង​ហ្អែ​ង​ខ្លាំង​អី​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​អះអាងថា ជប៉ុន​មិន​លូក​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អធិបតី​របស់​កម្ពុជា ហើយ​ជប៉ុន​ធ្វើ​កិច្ចការ​ដើម្បី​ប្រជា​ពលរដ្ឋ​ជាង ១៥​លាន​នាក់ មិនមែន​ធ្វើ​ដើម្បី​តែ​ក្រុម​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប៉ុន្មាន​នាក់​ដែល​បាន​កាត់​សិទ្ធិ​នយោបាយ​នោះឡើយ​។​

​សម្តេច​តេជោ ៖ គ្មាន​បរទេស​ណា​មក​ត្រួត​ក្បាល ហ៊ុន សែន បានទេ សូម​និយាយ​ឲ្យ​ច្បាស់​។ គេ​ថា​ជប៉ុន​កំពុង​មក​កៀប ជប៉ុន គឺជា​ប្រទេស​មួយ ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​ប្រទេស​គេ គេ​មិន​ដែល​ធ្វើ​តាម​របៀប​ដូចដែល​លោក​ឯង​និយាយ​នោះទេ​។ សូម្បី​តែ​ភាសា​និយាយ​ក៏​ប្រយ័ត្នប្រយែង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា នៅ​សប្តាហ៍​ក្រោយនេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ហើយ​នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​សម្តេច​តេជោ ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ហើយ​ក្រោយ​ជំនួប​នោះ នឹង​មាន​ការចុះ​ហត្ថលេខា ផ្តល់​ជំនួយ​របស់​ជប៉ុន សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា តែ​គ្មាន​ប្រធានបទ​និយាយ​ពី​អតីត​បក្ស​សង្គ្រោះ​ជាតិ​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

×