ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ក្នុងអំឡុងខែមីនា អង្គភាពបានបើបន្ទប់ស្តាប់ចម្លើយចំនួន២០លើក ហើយបានទទួលពាក្យប្តឹងចំនួន៤៩ពាក្យ និងបានកោះហៅឲ្យសាមីខ្លួនរងការចោទប្រកាន់ ធ្វើការបំភ្លឺចំនួន២៦លិខិត។
សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំលើកទី៣៣ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្ងៃអង្គារទី២៧ ខែមីនា ឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកតុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានវត្តមានចំនួន៩រូបលើ១១ ក្នុងនោះលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអវត្តមានដោយជាប់បំពេញភារកិច្ច ។
ក្នុងកិច្ចប្រជុំនោះ លោកឃាង សេង ប្រធានស្តីទីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍អំពីសកម្មភាពការងាររបស់អង្គភាពក្នុងអំឡុងខែមីនាឆ្នាំ២០១៨ ដែលក្នុងនោះ ៖អង្គភាព បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន២១៣៦នាក់ ដែលក្នុងនោះប្រកាសតាមរបប២ឆ្នាំចំនួន៣៤៩នាក់ ទទួលបានការតែងតាំងថ្មីចំនួន១៥៦២នាក់ លាលែង ចប់អាណត្តិចំនួន១៨នាក់ ចូលនិវត្តន៍ចំនួន៥នាក់ និងបញ្ឈប់ពីមុខតំណែងចំនួន២០២នាក់។
លោកប្រធានស្តីទី បានបន្តថា ក្នុងរយៈពេលពីរខែមកនេះ អង្គភាព បានទទួលពាក្យប្តឹងចំនួន៤៩ពាក្យ អនាមិក២២ពាក្យ ស្នើនឹង៤៥ភាគរយ ។ អង្គភាពបានឲ្យសាមីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺចំនួន២៦លិខិត ទទួលបានការបំភ្លឺចំនួន៣១លិខិត ហើយបានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៤០ម្ចាស់បណ្តឹង ក្រោយពិចារណាថាពាក្យប្តឹងរបស់គាត់មិនពាក់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេ។ អ.ប.ព បានបើបន្ទប់ស្តាប់ចម្លើយចំនួន២០លើក។ លោកបានបន្តទៀតថា អង្គភាពបានចុះផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលឃុំ មេភូមិ អនុប្រធានភូមិ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម សរុបចំនួន៥៣៨៨នាក់ ដែលមាន៥០គោលដៅ។ បានចូលរួមសង្កេតការណ៍ប្រឡងវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ ការជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ បានសង្កេតការណ៍ការដេញថ្លៃ ៣៩គម្រោង ការពិគ្រោះថ្លៃចំនួន២០គម្រោង និងការវាយតម្លៃគម្រោងចំនួន៤គម្រោង។ ក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់វិធានការលើមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយដែលបានប្រព្រឹត្តកំហុស។
បន្ទាប់ពីស្តាប់របាយការណ៍រួចមក លោកតុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានធ្វើឲ្យមានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងជំរុញនិងលើកទឹកចិត្តឲ្យអង្គភាពខិតខំរកវិធីសាស្ត្របន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម នានាឲ្យបានសមស្រប និងទាន់សភាពការណ៍៕ ដោយ៖បញ្ញាស័ក្តិ