ប្រិយមិត្តប្រហែលជាបានជ្រាបខ្លះច្រើនហើយ ទាក់ទងរឿងរ៉ាវ ដែលកាលពីពេលថ្មីៗនេះ តារាតិចតុកដ៏ល្បីឈ្មោះ ស្រីស្អាត សុខ លីន ស្រាប់តែបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ជាពិសេសហ្វេនសម្តែងនូវក្តីអាណិតជាខ្លាំង នៅពេលនាងចេញមកទម្លាយប្រវត្តិមានប្តី និងមានកូនមានអាយុរហូត ៧ ឆ្នាំ ទៅហើយ ប៉ុន្តែ នាងពុំបានផ្តល់ភាពកក់ក្តៅឲ្យកូនប្រុសជាទីស្រឡាញ់នោះទេ ព្រោះតែជីវិតបែកបាក់គ្រួសារជាច្រើនមកឆ្នាំហើយ ដោយចុះចេញតែខ្លួនទទេប៉ុណ្ណោះ ខណៈកូនខាងប្តីមិនឲ្យមករស់នៅជាមួយនាងទេ។
ជាមួយគ្នានោះផងដែរ តារាស្រីរូបនេះ បានប្រាប់ទៅមហាជនថា រូបនាងចេញមកឡាយទម្លាយរឿងជីវិតគ្រួសារជាសាធារណៈបែបនេះ គឺដោយសារតែអតីតប្តីចេះតែចូលមករំខាន ចំអកឡកឡឺយថា នាងជាស្រីរកស៊ីផ្លូវភេទ និងជាពិសេសមករុំអុកគំរាមទារលុយកាក់ពីនាងដោយសំអាងលុយថ្លៃចិញ្ចឹមកូន និងសូម្បីទាមទារសព្វគ្រប់ តាំងពីថ្លៃនាងមករស់នៅផ្ទះម្តាយខ្លួន ថ្លៃមើលថែឈឺស្កាត់ម្តងម្កាល និងថែមទាំងថ្លៃប៉ាវស៊ីចុកកាលគ្រាស្នេហ៍ដំបូងៗដ៏គួរឲ្យហួសចិត្តបំផុត ខណៈឃើញរូបនាងកំពុងមានឈ្មោះល្បីខ្លាំង។
ជាមួយបទពិសោធន៍ដ៏ល្វីងជូរចត់ ដោយសារជ្រើសប្តីចិត្តឯង ហើយលទ្ធផលត្រូវរងទុក្ខឥតល្ហែ សុខ លីន ដល់ថ្នាក់និយាយថា រូបនាងប្រហែលមិនយកប្តីទៀតឡើយ ព្រោះត្រឹមប្តីមួយនេះបានធ្វើឲ្យរូបស្គាល់រសជាតិជីវិតឆ្អែតអស់ហើយ។
តែទោះយ៉ាងណា មួយរយៈចុងក្រោយនេះ មហាជនបានសម្គាល់ឃើញថា សុខ លីន តែងតែបង្ហាញវត្តមានគ្រប់ទីកន្លែងជាមួយតារាតិកតុកប្រុសឈ្មោះ ផាត់ តាភូ និងឃើញថា អ្នកពិតជាបានបង្ហាញភាពស្និទ្ធស្នាលគ្នាប្រៀបដូចគូស្នេហ៍អុីចឹង ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏បាននិយាយថា អ្នកទាំងពីរពិតជាសមគ្នាណាស់។ ជាក់ស្តែង ថ្មីៗនេះ តាភូ បានបង្ហោះរូបថត១សន្លឹកជាមួយគ្នា និងពោលពាក្យបែបនេះទៅកាន់ សុខ លីន យ៉ាងដូច្នេះថា៖ «ពេលខ្លះយេីងអាចសម្លឹងទៅមេីលអតីតកាលបានតែកុំរស់នៅជាមួយអតីតកាលអីព្រោះបច្ចុប្បន្នកំពុងរងចាំយេីង រឹងមាំបន្តដំណេីរទៅមុខទៀតរឿងល្អៗរងចាំយេីងនៅខាងមុខ»។
តែយ៉ាងណា ក៏មិនទាន់ហា៊នសន្និដ្ឋានថា អ្នកទាំងពីរអាចនឹងក្លាយជាគូស្នេហ៍គ្នាយ៉ាងពិតប្រាកដ ឬយ៉ាងណានោះទេ ព្រោះថា បើតាម សុខ លីន ផ្ទាល់ទើបតែបានបញ្ជាក់យ៉ាងច្បាស់ៗថា រវាងរូបនាង និង ផាត់ តាភូ គឺត្រឹមរាប់អានគ្នាដូចបងប្អូនប៉ុណ្ណោះ ខណៈរូបនាងក៏បាននិយាយដដែលៗថា មិនចង់គិតរឿងយកប្តីទៀតទេ ព្រោះនាងឆ្អែតហើយជីវិតធ្លាប់មានប្តី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















