ខេត្តពោធិ៍សាត់៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី បានចុះផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជាជំនួយថវិការបស់សប្បុរសជនកូរ៉េ តាមរយៈក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងកូរ៉េ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៤គ្រួសារ ដោយគ្រួសារនីមួយៗ ទទួលបាន២៥០ដុល្លា ដែលរស់នៅភូមិចំនួន៨ នៃឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
សូមជម្រាបថា ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ ក៏កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅតែបន្តបំពេញបេសកម្មមនុស្សធម៌ ក្នុងការយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅ និងសុខមាលភាពប្រជាពលរដ្ឋ។
លោកជំទាវ ម៉ែន នារីសោភ័គ បន្តថា៖ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់នៅពេលនេះ គឺមានសារៈសំខាន់នឹងជាទុនជួយធ្វើឲ្យមានការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់បងប្អូននិងក្រុមគ្រួសារបានល្អប្រសើរតាមរយៈការយកទៅប្រកបរបរចិញ្ចឹមសត្វ ដាំដំណាំឬរបរផ្សេងៗ តាមភាពជាក់ស្តែង ដោយធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងព្រោះគេជួយយើង ដូច្នេះយើងត្រូវជួយខ្លួនយើង ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀត ក្នុងការពង្រីកមុខរបរដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ តាមរយៈអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាល អនុវត្ត ៣ការពារ ៣កុំ ២ចូលរួម គឺការចាក់វ៉ាក់សាំងនិងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដើម្បីជាដើមទុនក្នុងការពង្រីកមុខរបរ តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។
គួររំលឹកថា ៖ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចី ដល់គ្រួសារអតីតយុទ្ធជននៅឆ្នាំ២០១៩ ចំនួន ២២គ្រួសារ និងប្រើប្រាស់ប្រាក់បង្វិល ផ្តល់ជាប្រាក់កម្ចីវិញនៅឆ្នាំ២០២១នេះ បានចំនួន ២១គ្រួសារ។ សម្រាប់ខេត្តពោធិ៍សាត់ ចាប់តាំងពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២.១១៥គ្រួសារ ដែលជាជំនួយរបស់កាកបាទក្រហមអូទ្រីស អាឡឺម៉ង់ ណ៍រវេស អូស្រ្តាលី និង ICRC ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕