ខេត្តបាត់ដំបង៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមការងាររបស់សម្តេច ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន រង់ចាំទទួលទិញផ្លែមៀន និងតាង៉ែន ពីប្រជាកសិករ នៅទីតាំងក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងថា ដើម្បីដោះស្រាយការលំបាកចំពោះមុខ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានទឹកចិត្តគាំទ្រផលិតផលក្នុងស្រុក ដូចជាផ្លែមៀន និងតាង៉ែន ដែលបច្ចុប្បន្នកំពុងជួបនឹងបញ្ហាទីផ្សារ និងការនាំចេញទៅប្រទេសថៃ សម្តេចទាំងទ្វេរ នឹងទទួលទិញពីប្រជាកសិករ។



គួររំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនពីកសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំក្រុមការងារខេត្តបាត់ដំបង សម្របសម្រួលសហកាជាមួយក្រុមការងាររបស់សម្តេច ប្រមូលទិញផ្លែមៀន និងតាង៉ែន ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។


លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ដំណាំមៀន នៅខេត្តបាត់ដំបង ប្រជាកសិករបានប្រមូលលើកទី១ ប្រមាណ១ម៉ឺនតោន គឺនៅមានចំនួនប្រមាណ ៧ម៉ឺនតោនទៀត ត្រូវប្រមូលផលបន្ដបន្ទាប់។ ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២១នេះ ប្រជាកសិករនៅខេត្តបាត់ដំបង បានដាំដុះដំណាំមៀន (តាង៉ែន) បានចំនួន ៦ ០៥០ហ.ត ហើយផ្ទៃដីដែលអាចប្រមូលផលបានគឺ ៥ ២៩៤ ហ.ត បើប្រៀបធៀបនឹងឆ្នាំចាស់គឺមានការកើនឡើងជាង៧០ហ.ត ហើយបរិមាណប្រមូលផលមានជិត ៨ម៉ឺនហ.ត ៕