តៃវ៉ាន់គ្រោងវិនិយោគទឹកប្រាក់ប្រមាណ១.៣៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខដើម្បីធ្វើឱ្យប្រសើរឡើងនូវកំពង់ផែពាណិជ្ជកម្មចំនួន ៧ កន្លែង។ ផែនការនេះត្រូវបានស្នើឡើងដោយក្រសួងដឹកជញ្ជូននិងគមនាគមន៍ និងអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិក្នុងគោលបំណងបង្កើនសមត្ថភាពនិងប្រែក្លាយទីតាំងខាងលើទៅជាកំពង់ផែអន្តរជាតិដែលមិនប៉ះពាល់ដល់បរិស្ថាននិងឆ្លាតវៃ។ ក្រសួងដឹកជញ្ជូនមានបំណងបើកដំណើរការគម្រោងចំនួន ២៩ នៅកំពង់ផែ Kaohsiung, Keelung, ហ៊ូលែន, តៃឆុង, និងតៃប៉ិ ក៏ដូចជាកំពង់ផែ អានពីង លីយ៉ាន និងស៊ៅអ៊ូ របស់តៃវ៉ាន់ចាប់ពីឆ្នាំក្រោយដល់ឆ្នាំ ២០២៦ ។
ក្នុងនោះ គោលដៅគឺដើម្បីបង្កើនចំនួនកុងតឺន័រសរុបឱ្យបានទៅដល់ប្រមាណ ១៨,២ លានធីអ៊ីយូ ជារៀងរាល់ឆ្នាំនិងការដឹកជញ្ជូនទំនិញសរុបនៅកំពង់ផែទាំង ៧ ឱ្យបានដល់ ១,៨ ប៊ីលានតោននៅឆ្នាំ ២០២៦ ។
កៅស៊ែង (Kaohsiung) ដែលជាកំពង់ផែធំបំផុតរបស់តៃវ៉ាន់និងជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតទី ១៦ របស់ពិភពលោកកាលពីឆ្នាំមុននឹងត្រូវបានកែប្រែទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គោលដៅ គឺដើម្បីបង្កើនការដឹកជញ្ជូនកុងតឺន័ររបស់កំពង់ផែពី ៩,៦២លាន ធីអ៊ីយូ កាលពីឆ្នាំមុនដល់ ១១,៤៤ លានធីអ៊ីយូ ។
កំពង់ផែតៃប៉ិដែលកំពុងរីកចម្រើនត្រូវបានគេគ្រោងធ្វើឱ្យក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនឆ្លាតវៃមួយសម្រាប់រថយន្ត ខណៈកំពង់ផែ តៃឆុង នឹងក្លាយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ថាមពលបៃតង។ កំពង់ផែនៅ ស៊ៅអ៊ូ, ហ៊ូលែន និង អានពីង នឹងត្រូវអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍។
លើសពីនេះ ការិយាល័យកំពង់ផែសមុទ្ររបស់តៃវ៉ាន់មានគម្រោងវិនិយោគប្រមាណ ៣៥០ លានដុល្លារក្នុងគម្រោងចំនួន ៣៣ ដើម្បីកែលម្អការប្រកួតប្រជែងនិងលើកកម្ពស់វិស័យទេសចរណ៍និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជិតកំពង់ផែប៊ូដាយ ប៉ែនហ៊ួ គីនមេននិងម៉ាតស៊ូ៕
រក្សាសិទ្ធដោយ៖ CEN