ថ្លែងនៅក្នុងប្រព័ន្ធសង្គមហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្មីៗនេះសម្តេចបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន។
សម្តេចបន្តថា នៅពេលប្រមូលទិញបាន សម្តេចនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។
សម្តេចបន្តថា៖«នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។» ដោយឡែកជាដំណោះសម្រាប់រយៈពេលខាងមុខ សម្តេចប្រគល់ភារកិច្ចនេះ ជូនទៅ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ។
សម្តេចតេជោគូសបញ្ជាក់ថា៖« ឯកឧត្តម ហ៊ីង ប៊ុនហៀង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីល ទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។ ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង។»៕
រក្សាសិទ្ធដោយ៖ CEN