យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះអ៊ីស្រាអែលបានវាយប្រហារទីតាំងហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាកាលពីល្ងាចថ្ងៃសៅរ៍ ក្រោយកើនឡើងកំដៅរវាងភាគីទាំងពីរ បន្ទាប់ពីការបាញ់កាំភ្លើងឆ្លងដែនមុននេះបានបណ្តាលឱ្យទាហានអ៊ីស្រាអែលម្នាក់របួសធ្ងន់ និងរបួសប្រជាជនប៉ាឡេស្ទីនចំនួន ៤១ នាក់ក្នុងនោះមាន ២ នាក់ធ្ងន់ធ្ងរ។
ការរងរបួសនេះបានកើតឡើងអំឡុងការតវ៉ានៅតំបន់ហ្គាហ្សា ដែលរៀបចំឡើងដោយក្រុមអ្នកកាន់សាសនាឥស្លាមហាម៉ាស និងបក្សពួកផ្សេងទៀតដើម្បីគាំទ្រទីក្រុង ហ្សេរូសេឡឹម (Jerusalem) ដែលជាកន្លែងនៃការប៉ះទង្គិចគ្នារវាងប៉ាឡេស្ទីន ជាមួយប៉ូលីសអ៊ីស្រាអែល។
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ក្នុងចំណោមជនជាតិប៉ាឡេស្ទីនពីរនាក់ដែលរងរបួសធ្ងន់មានក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ត្រូវបានបាញ់ចំក្បាល។ ក្នុងនោះ ប្រភពដដែលក៏បានបញ្ជាក់អំពីការករណីរងរបួសផ្សេងទៀតដែលមានកម្រិតមធ្យម រួមទាំងការបាញ់កាំភ្លើងចំពោះអវយវៈដូចជាខ្នងនិងពោះជាដើម។
ចំណែកយោធាអ៊ីស្រាអែលបាននិយាយថា ការបាញ់ឆ្លងព្រំដែនពីហ្គាហ្សាមកអ៊ីស្រាអែលវិញបានធ្វើឱ្យទាហានប៉ូលីសព្រំដែនអ៊ីស្រាអែលម្នាក់រងរបួសធ្ងន់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែគិតមកទល់ពេលនេះ មិនមានការអះអាងទទួលខុសត្រូវចំពោះការបាញ់កាំភ្លើងពីហ្គាហ្សានៅឡើយទេ។
បន្ថែមពីនេះ យោធាបាននិយាយថា ជាការឆ្លើយតបទៅនឹងការបាញ់របស់យោធាប៉ាឡេស្ទីន អ៊ីស្រាអែលបានប្រើយន្ដហោះចម្បាំង វាយប្រហារកន្លែងផ្ទុកអាវុធចំនួន ៤ កន្លែងដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីរបួសឬការខូចខាតនោះទេ។
យោធាបាននិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងបន្ថែមទៅកាន់តំបន់ព្រំដែនហ្គាហ្សា។ ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា យោធាបានបង្កើនការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល Iron Dome របស់ខ្លួន។
យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥០ នាក់និងជនជាតិអ៊ីស្រាអែល ១៣ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះខែឧសភាដែលក្នុងនោះក្រុមសកម្មប្រយុទ្ធហ្គាហ្សាបានបាញ់រ៉ុក្កែតឆ្ពោះទៅទីក្រុងអ៊ីស្រាអែលហើយអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅជុំវិញតំបន់ឆ្នេរផងដែរ៕ ប្រភព៖ CNA