Monday, April 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់បច្ចុប្បន្ន ផលសរុបវារីវប្បកម្មទទួលបានមានចំនួន ១៥១,៤៥៧.២៨ តោន

spot_img

យោងតាមផេកហ្វេសបុកផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម​ លោក វេង សាខុន បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់បច្ចុប្បន្ន ផលសរុបវារីវប្បកម្មទទួលបានមានចំនួន ១៥១,៤៥៧.២៨ តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២កូន ។

ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាបរួមមាន ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម គ្រែងឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម។

លោកបានបន្តថា ដោយសារមានការប្រែប្រួលរបបទឹកជំនន់, ការផ្លាស់ប្តូរស្ថានភាពកម្រិតកំពស់ដី(ដីដុះ និងគោគរាក់ព្រែក និងបឹងបួរ) កំណើនប្រជាជននិងសេដ្ឋកិច្ច ហើយនិងការរីចម្រើនទីក្រុងនិងលំនៅឋាន ក្នុង
រយៈពេលមួយទស្សវត្សចុងក្រោយនេះ សកម្មភាពវារីវប្បកម្មមានការវិវត្ត និងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ជាមួយការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វារីវប្បករក្នុងការធ្វើវារីវប្បកម្មខ្នាតតូច មធ្យម និងខ្នាតធំ ដែលធ្វើឱ្យទិន្នផលវារីវប្បកម្មមានការកើនឡើងជាលំដាប់។

ទន្ទឹមនឹងនេះ ការធ្វើវារីវប្បកម្មក៏បានជួបប្រទះនឹងបញ្ហាប្រឈមផងដែរក្នុងឆ្នាំ២០២០ នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយកម្មវិធីជួបជុំដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ដែលបានធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះ គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ។

លោករដ្ឋមន្រ្តីបន្តថា៖«ក្នុងបរិការណ៍នេះ យើងក៏បានសង្កេតឃើញថា វិស័យឯកជន និងវារីវប្បករដែលប្រកបរបរវារីរប្បកម្មខ្នាតធំបានជួបប្រទះនូវបញ្ហាការកកស្ទះត្រី ដោយពួកគាត់ផលិតត្រីបានហើយ ប៉ុន្តែគ្មានឈ្មួញមកទិញ ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិត។»បញ្ហានេះធ្វើឱ្យមានការអូសបន្លាយរហូតដល់ឆ្នាំ២០២១ ដែលវិស័យឯកជនមួយចំនួនមានលក្ខណៈនឿយ​ណាយ និងបន្យាពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត។

ចំណែកឯការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យមនៅដំណើរការធម្មតា ព្រមទាំងមានសន្ទុះកើនឡើង ដោយទទួលបានការគាំទ្រតាមរយៈរាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍នានា ទៅលើការចិញ្ចឹមត្រីអណ្តែង ឬកង្កែបក្នុងតង់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កង ក្នុងស្រែ ការចិញ្ចឹមត្រីក្នុងប្រព័ន្ធធារាសាស្ត្រជាដើម។

នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ និងការកកស្ទះផល ផលិតផលវារីវប្បកម្មនេះ វារីវប្បករមួយចំនួន បានងាកផ្តោតទៅលើការងារកែច្នៃបន្ថែម ដូចជា ការកែច្នៃត្រីឆ្អើ ត្រីងៀត ត្រីប្រាហើម ផ្អក ប្រហុកជាដើម ដើម្បីកាត់បន្ថយការកកស្ទះត្រី ធ្វើសមាហរណកម្មផលិតផលវារីវប្បកម្មកែច្នៃទៅក្នុងទីផ្សារ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផលិតកម្ម។

លោកបន្តថា​វិធានការគោលនយោបាយជំរុញវារីវប្បកម្មនៅកម្ពុជាត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើន
ផលិតភាពវារីវប្បកម្មក្នុងស្រុកឱ្យមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព បង្កើនតម្លៃបន្ថែម នៃអនុវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកដល់សន្តិសុខស្បៀង សុវត្ថិភាព និងអាហារូបត្ថម្ភ។ វិធានការគោលនយោបាយនេះគឺស្របគ្នាជាមួយវិធានការដែលបានចែងក្នុងឯកសារផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦-២០៣០៕

spot_img
×