ភ្នំពេញ៖ កម្ពុជា បានសម្រេចយកសណ្ឋាគារសុខា ធ្វើជាទីតាំងធំត្រៀមលក្ខណៈទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅកម្ពុជា នាដើមឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) (ATF ២០២២) នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះ ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ បន្ទាប់ពីចុះត្រួតពិនិត្យ និងជម្រុញអោយខេត្ត និងសណ្ឋាគារសុខារៀបចំទីតាំងរៀបចំព្រឹត្តិការណ៍អោយបានស្អាត អនាម័យ មានសុវត្ថិភាព និងភាពទាក់ទាញ។
ការចុះត្រួតពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ និងជម្រុញរៀបចំឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ មានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងអណត្តិដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺមិនអាចរៀបចំធំដូចមុនៗបានទេ ដោយសារបញ្ហាកូវីដនៅមាននៅឡើយ ដែលចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន ATFនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំ ជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងមានសិក្ខាសាលាថ្នាក់តំបន់ជាច្រើនទៀត និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ ហើយក៏និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers)ផងដែរ៕