ភ្នំពេញ៖ បច្ចុប្បន្ន ខេត្តចំនួន៣ គឺខេត្តព្រះសីហនុ កោះកុង និងឧត្តរមានជ័យ កំពុងដំណើរសាងសង់ស្ថានីយធ្យូងថ្មចំនួន៣ទីតាំងបន្ថែមទៀត ដែលមានអនុភាពជាង ១,៦០០មេហ្គាវ៉ាត់។
មន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ស្ថានីយធ្យូងថ្មចំនួន៣កន្លែង ដែលកំពុងសាងសង់នេះ រួមមាន ស្ថានីយធ្យូងថ្មមានអនុភាព ៧០០មេហ្គាវ៉ាត់នៅ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្ថានីយធ្យូងថ្មមានអនុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង និងស្ថានីយធ្យូងថ្មមានអនុភាព ២៦៥មេហ្គាវ៉ាត់ នៅភាគខាងជើងខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យ ក្រសួងរ៉ែ និងថាមពល ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានឱ្យដឹងថា ស្ថានីយធ្យូងថ្មទាំង៣ទីតាំងនោះមិនទាន់ដឹងថានឹងបញ្ចប់ នៅពេលណានោះទេ ហើយក៏មិនដឹងទំហំទឹកប្រាក់វិនិយោគក្នុងប៉ុន្មានដែរ ព្រោះរាល់ការវិនិយោគលើស្ថានីយធ្យូងថ្មទាំងអស់ ជាការវិនិយោគរបស់វិស័យឯកជន។
គួរបញ្ជាក់ថា បើតាមមន្រ្តីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ មានស្ថានីយធ្យូងថ្ម ចំនួន៣កន្លែង កំពុងដំណើរការរួចហើយ ដែលមានអនុភាពតម្លើងសរុបចំនួន ៦៧៥មេហ្គាវ៉ាត់ និងមានទីតាំងស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕