ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តម តាន់ ផាន់ណារ៉ា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការនាំចូលជ្រូករស់ពីក្រៅប្រទេស គឺមានប្រមាណ ៦០០ ទៅ ១.២០០ក្បាល ក្នុងមួយថ្ងៃ ចំនួននេះមានការថយចុះ បើធៀបកាលពីមុន ដែលកម្ពុជាមានតម្រូវការក្នុងការនាំចូល ប្រមាណពី ៤.០០០ ទៅ ៥.០០០ក្បាល ក្នុងមួយថ្ងៃឯណោះ។ ការនាំចូលសត្វជ្រូកភាគច្រើនគឺមកពីប្រទេសថៃ។
ឯកឧត្តម បានលើកឡើងថា ក្រោយពីក្រសួងកសិកម្ម បានសម្រេចកាត់បន្ថយការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ផលិតកម្មចិញ្ចឹមជ្រូកនៅក្នុងស្រុក បានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ រហូតដល់ពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុកដល់ទៅ ៧០ភាគរយ។
កន្លងមក រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីខែកក្កដា ឆ្នាំ ២០២០ បានជម្រាបជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបញ្ជាក់ថា ក្រសួង បានកាត់បន្ថយការនាំចូលជ្រូកពីបរទេសពីចំនួន ២ម៉ឺន ៤០០ក្បាល ក្នុងមួយថ្ងៃ នៅខែមករា ឆ្នាំ ២០២០ មកនៅត្រឹម ៦.៣០០ក្បាល កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២០។
មន្ត្រីជំនាញផ្នែកផលិតកម្មសត្វ បានបញ្ជាក់ទៀតថា តាមរយៈការសិក្សារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បច្ចុប្បន្ននេះ ផលិតកម្មជ្រូកនៅកម្ពុជា គឺនៅខ្វះតែ ៣០ភាគរយ។ ចំពោះផលិតកម្មគោ និងក្របី កម្ពុជា គឺផលិតនៅសល់ ៧ភាគរយ ហើយចំណែកឯផលិតកម្មបក្សីវិញ គឺខ្វះតែ ៦ភាគរយប៉ុណ្ណោះ។
នៅក្នុងវិបត្តិកូវីដ១៩នេះ កម្ពុជា ដែលមានក្រសួងកសិកម្មជាសេនាធិការ បានសហការយ៉ាងជិតស្និទជាមួយនឹងសមាគមចិញ្ចឹមសត្វនៅកម្ពុជា ក្នុងការធ្វើកិច្ចការងារសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយការនាំចូលជ្រូកពីក្រៅប្រទេស ក្នុងគោលបំណងលើកស្ទួយដល់អ្នកចិញ្ចឹមក្នុងស្រុក។
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានកសិដ្ឋានចិញ្ចឹមជ្រូកទាំងខ្នាតតូច មធ្យម និងធំ នៅកម្ពុជា ចំនួនប្រមាណ ៥៣៩ កសិដ្ឋាន ដោយនៅក្នុងនោះ ចំនួនជ្រូកសរុបទូទាំងប្រទេស គឺមានប្រមាណ ២,៥១ លានក្បាល៕
រក្សាសិទ្ធដោយ៖ CEN