បន្ទាយមានជ័យ ៖ មុខសញ្ញាលួចយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន ១នាក់ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់ កាលពីថ្ងៃទី៣០ខែមីនា។
អាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចកាស៊ីណូហ្គោលដិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាប ករណីលួច(ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ លោកបានទទួលពាក្យបណ្តឹងពីឈ្មោះ ពៅ ពុធ ហៅ ឆៃ ថា សន្តិសុខនៅកាស៊ីណូហ្គោលដិន បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដែលមានបំណងលួចយកម៉ូតូរបស់ខ្លួន(ជនរងគ្រោះ) ចេញពីកន្លែងផ្ញើម៉ូតូរបស់កាស៊ីណូហ្គោលដិន ។ ក្រោយទទួលបានពាក្យបណ្តឹង លោកបានចាត់តាំងកម្លាំងចុះទៅដល់ចំណុចកើតហេតុខាងលើ និងបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ លឹម ម៉េង ហៅ សារិន សុជាតា ហៅ អាចំបើង ហៅ ម៉េង ភេទ ប្រុស អាយុ ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកមកធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចចូលទៅកន្លែងផ្ញើម៉ូតូរបស់កាស៊ីណូហ្គោលដិន និងមានបំណងលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដាឃ្លិក ពណ៌ក្រហម គ្មានស្លាកលេខ ពេលដែលខ្លួន(ជនសង្ស័យ) បណ្តើរម៉ូតូ បានចម្ងាយប្រហែល ៣០ម៉ែត្រ ក៏ត្រូវបានសន្តិសុខយាមនៅទីនោះឃើញ ហើយបានឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តទៀតថា ៖ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកម៉ូតូបានប្រគលជូនទៅម្ចាស់ដើមវិញ ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ តាមការសាកសួរបន្ថែមរបស់មន្ត្រីជំនាញ ជនសង្ស័យបានសារភាពថាខ្លួនបានលួចម៉ូតូតាមចំណុចនានាក្នុងក្រុងប៉ោយប៉ែត ចំនួន៣លើករួចមកហើយ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អាចបញ្ជាក់ពីតម្រុយនៃពិរុទ្ធយ៉ាងជាក់លាក់ ដូចនេះជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួច ។ កម្លាំងជំនាញបានរៀបចំឯកសារបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕