វៀតណាមបានអះអាង មុនដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នៅថ្ងៃនេះថា វៀតណាមនឹងមិនត្រូវចូលទៅក្នុងសម្ព័ន្ធភាពប្រឆាំងចិននៅចុងបូព៌ាឡើយ។
ក្នុងនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានជួបជាមួយបេសកជនចិនលោក Xiong Bo ហើយភាគីទាំងពីរ បានសង្កត់ធ្ងន់ថា ការខ្វែងគំនិតគ្នាស្តីពីសិទ្ធិនាវាចរណ៍ នឹងមិនឃើញវៀតណាមបោះបង់ចោលគោលនយោបាយការបរទេសឯករាជ្យ ដែលមានឫសគល់គាំទ្រពហុភាគីនិយមនោះទេ។
លោក Pham បាននិយាយថា ប្រទេសវៀតណាមនឹងធ្វើការដើម្បីបង្កើតភាពជឿទុកចិត្ត ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។ លោកបានបន្ថែមថា លោកសង្ឃឹមថាប្រទេសចិននឹងធ្វើការតាមរយៈសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីដោះស្រាយក្រមសីលធម៌នៅក្នុងដែនទឹកមានជម្លោះ។
ដោយឡែក លោក Xiongវិញ បានលើកឡើថា វៀតណាមនិងចិនបានចែករំលែកប្រព័ន្ធនយោបាយនិងជំនឿកុម្មុយនិស្ត ហើយគួរតែធ្វើការជាមួយគ្នា។
យ៉ាងណាមិញ សហរដ្ឋអាមេរិក មានមូលដ្ឋានយោធានៅក្នុងប្រទេសជិតខាងរបស់ចិនជាច្រើន រួមមានជប៉ុន និងកូរ៉េខាងត្បូងហើយពួកគេបានធ្វើការរួមគ្នា ដើម្បីបង្កើតសម្ព័ន្ធភាពថ្មីមួយដែលត្រូវបានគេស្គាល់ថាជា Quad ជាមួយប្រទេសឥណ្ឌា អូស្ត្រាលី និងជប៉ុនដើម្បីកាត់ផ្តាច់ឡោមព័ទ្ធឥទ្ធិពលចិន។
លោកស្រីហារីសបាននិយាយនៅថ្ងៃនេះថា លោកស្រីសង្ឃឹមថា វៀតណាមនឹងពេញចិត្តចំពោះវត្តមានកងទ័ពជើងទឹកអាមេរិកកាន់តែច្រើន នៅតាមឆ្នេរសមុទ្រអាស៊ី ដើម្បីការពារវៀតណាមពីការគម្រាមគំហែងរបស់ចិន៕ ប្រភព៖ Morning Star