សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៃធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Archetype Cambodia ស្តីអំពីការប្រឹក្សាបច្ចេកទេសក្នុងការថែរក្សានូវអគារបេតិកភណ្ឌរបស់សារមន្ទីរ។
ពិធីចុះហត្ថលេខានេះបានធ្វើឡើង រវាងលោក Blaise Kilian សហប្រធានសារមន្ទីរ ស.ស.រ និងលោក Michel Cassagnes អគ្គនាយកក្រុមហ៊ុន Archetype Cambodia។
សារមន្ទីរ ស.ស.រ បង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីបង្ហាញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល២០០០ឆ្នាំ តាមរយៈវត្ថុបុរាណ ឯកសារសោតទស្សន៍ និងឧបករណ៍អន្តរកម្មដែលតាំងបង្ហាញតាមការរៀបចំពិព័រណ៍មួយដ៏ទំនើបបំផុត។
សារមន្ទីរនេះត្រូវបានរៀបចំឡើងនៅក្នុងអគារបេតិកភណ្ឌដែលមានអាយុកាលចាប់តាំងពីសម័យអាណាព្យាបាលបារាំង និងធ្លាប់បានប្រើប្រាស់ធ្វើជាលំនៅដ្ឋានរបស់ លោក រ៉េស៊ីដង់បារាំងនៅឆ្នាំ ១៩០៨ និងជាសាលាក្រុងភ្នំពេញចាប់តាំងពីឆ្នាំ ១៩២០ ហើយបានធ្លាក់ក្នុងសភាពទ្រុឌទ្រោម និងត្រូវបានធនាគារជាតិនៃកម្ពុជាជួសជុលឡើងវិញដើម្បីធ្វើជាសារមន្ទីរ ស.ស.រ។
អនុស្សរណៈយោគយល់នេះបានបង្ហាញពី កិច្ចសហការវាងអង្គភាពទាំងពីរ និងកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន Archetype ដើម្បីរួមចំណែកដល់ការបន្តការអភិរក្សបេតិកភណ្ឌក្រុងដែលប្លែកខុសពីគេ និងគួរឱ្យកត់សម្គាល់នៃព្រះរាជាណាចក្រកម្ពុជា៕