តាមអាជ្ញាធរអវកាសចិន ស្ថានីយអវកាស Tiangong-1 របស់ប្រទេសនេះបានធ្លាក់ចុះមហាសមុទ្រប៉ាស៊ីហ្វិកហើយ។
ស្ថានីយអវកាស Tiangon-1 ឆាបឆេះពេលវិលត្រឡប់មកកាន់បរិយាកាសផែនដីវិញ
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរឲ្យដឹងថា ស្ថានីយអវកាសនេះបានវិលត្រឡប់មកកាន់បរិយាកាសផែនដីវិញ នៅវេលាម៉ោង 00:15 នាទី GMT នៅតំបន់សមុទ្រប៉ែកខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិក ហើយមួយផ្នែកធំបានត្រូវដុតឆេះខ្ទេចពេលត្រឡប់ចូលដល់បរិយាកាសផែនដី ។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងទ័ពអាមេរិក ក៏បានបញ្ជាក់ថា ស្ថានីយអវកាស Tiangon-1 របស់ចិនបានធ្លាក់ដល់ផែនដីហើយ។
គួររំលឹកថា ស្ថានីយដែលមានបណ្តោយប្រវែង ១០,៤ម៉ែត្រ និងទម្ងន់ ៨,៥តោន ត្រូវបានបាញ់បង្ហោះទៅកាន់អវកាសកាលពីពីឆ្នាំ ២០១១ ហើយនៅឆ្នាំ ២០១៦ ចិនបានបញ្ជាក់ថា ខ្លួនបានដាច់ទំនាក់ទំនងហើយពុំអាចគ្រប់គ្រងគោចររបស់ស្ថានីយ៍នេះទៀតហើយ។ រហូតទល់ខែធ្នូ ២០១៧ ចិនបានព្យាករណ៍ថា ស្ថានីយ៍នេះនឹងធ្លាក់មកដល់ផែនដីនៅអំឡុងចុងខែមីនា ឆ្នាំ ២០១៨ ៕ ចន្ទ្រា