ប្រធានសហភាពអឺរ៉ុបលោកស្រី von der Leyen បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សពេញវ័យចំនួន ៧០ ភាគរយនៅក្នុងសហភាពអឺរ៉ុបឥឡូវនេះ ត្រូវបានទទួលវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងពេញលេញ ហើយនេះគឺជាគោលដៅចុងក្រោយនៃរដូវក្តៅ ដែលប្លុកនេះបានកំណត់សម្រាប់តំបន់ដោយផ្ទាល់កាលខែមករា។
លោកស្រី Ursula Von der Leyen ប្រធានសហភាពអឺរ៉ុបបាននិយាយនៅក្នុងវីដេអូមួយដែលបង្ហោះតាមអ៊ិនធឺណេតថា៖« ថ្ងៃនេះយើងឈានដល់ដំណាក់កាលសំខាន់មួយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។
ជាកក់ស្តែងមនុស្សពេញវ័យចំនួន៧០ភាគរយក្នុងសហភាពអឺរ៉ុបឥឡូវនេះ ត្រូវបានចាក់វ៉ាក់សាំងពេញលេញហើយ នោះមានន័យថាមនុស្ស ២៥០ លាននាក់ត្រូវបានចាក់ថ្នាំបង្ការរោគរួចជាស្រេច»។
លោកស្រី Von der Leyen ប្រធានគណៈកម្មការអឺរ៉ុបដែលទទួលខុសត្រូវក្នុងការបញ្ជាទិញវ៉ាក់សាំងសម្រាប់ប្រទេសជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប បានប្រកាសរួចហើយនៅក្នុងខែកក្កដាថា ៧០ ភាគរយនៃប្រជាជនពេញវ័យរបស់សហភាពអឺរ៉ុបបានទទួលយ៉ាងហោចណាស់មួយដូស។ការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ឥឡូវនេះត្រូវបានគ្របដណ្តប់ដោយការប្រយុទ្ធប្រឆាំងនឹងមេរោគបំប្លែងថ្មីដែលជាខ្សែស្រឡាយនៃមេរោគកូវីដ១៩ ។
អង្គការសុខភាពពិភពលោកបារម្ភថាជំងឺរាតត្បាតនេះអាចសម្លាប់មនុស្ស ២៣៦ពាន់នាក់បន្ថែមទៀតនៅអឺរ៉ុបត្រឹមថ្ងៃទី ១ ខែធ្នូ ឆ្នាំនេះ ហើយWHOបានសម្តែងការព្រួយបារម្ភអំពីល្បឿននៃការចាក់វ៉ាក់សាំងនៅទ្វីបនេះ។
ទីក្រុង Brussels បានសង្កត់ធ្ងន់ពីតម្រូវការរបស់សហភាពអឺរ៉ុបក្នុងកាត់បន្ថយ«គម្លាតគួរឱ្យព្រួយបារម្ភ» ក្នុងអត្រានៃការចាក់វ៉ាក់សាំងរវាងរដ្ឋជាសមាជិកនិងបានជំរុញឱ្យអាជ្ញាធរជាតិត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងថ្មី ដើម្បីជំរុញភាពស៊ាំប្រសិនបើទិន្នន័យវិទ្យាសាស្ត្របញ្ជាក់អំពីតម្រូវការ។
ជាក់ស្តែង អត្រាមនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំងពេញលេញ គឺប្រហែល ២០ ភាគរយនៅប្រទេសប៊ុលហ្គារឺ ៣២,៨ ភាគរយនៅប្រទេសរ៉ូម៉ានី ៤៩ ភាគរយនៅប្រទេសស្លូវ៉ាគីនិង ៥៨,១ ភាគរយនៅប្រទេសប៉ូឡូញ។ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺអ៊ឺរ៉ុបបានឱ្យដឹងថា កម្រិតនេះគឺ ៧២.៥ ភាគរយនៅបារាំង ៧០.៦ ភាគរយនៅអាល្លឺម៉ង់ ៧៦.៧ ភាគរយនៅអេស្ប៉ាញនិង ៨៥.៥ ភាគរយនៅអៀរឡង់៕ ប្រភព៖ France24