ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្សម្នាក់ស្ទើរតែដាច់ច្រមុះ ខានដកដង្ហើម ក្នុងពេលចុះបង្ក្រាបឡានដឹកឈើ ហើយត្រូវបានម្ចាស់ឡានដឹកឈើខាំ។ ហេតុការណ៍ខាងលើ បានកើតនៅឡើងនៅវេលាម៉ោង ៣ និង១៥នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិចុងផាងឃុំ ពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានមន្ត្រីបរិស្ថានមានគ្នាប្រមាណ ៣ ទៅ៤ នាក់បានឃាត់រថយន្តកាម៉ារីស្វិត ១គ្រឿង ដែលសង្ស័យដឹកឈើខុសច្បាប់ ។ បន្ទាប់ពីការត្រួតពិនិត្យមន្ត្រីជំនាញ បានរកឃើញ រថយន្តខាងលើពិតជាបានដឹកមែន ហើយមន្ត្រីបរិស្ថានក៏បានហៅឲ្យអ្នកបើករថយន្តឲ្យពីចុះរថយន្ត ដើម្បីនាំយកទៅសួរនាំ ប៉ុន្តែអ្នកបើកបរមិនព្រមចុះពីរថយន្ត ថែមទាំងបានខាំទៅលើ មន្ត្រីបរិស្ថានម្នាក់ស្ទើរដាច់ច្រមុះ ហើយត្រូវយកទៅពេទ្យភ្លាមៗផងដែរ។
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ស៊ិន ឡូត អាយុ ៣៦ឆ្នាំ សង្ស័យញៀនថ្នាំ ព្រោះពេលមន្ត្រីជំនាញចុះបង្ក្រាប សតម្ថកិច្ចបានរកឃើញ ទុយោ ដបទឹក និងឧប្បករណ៍ប្រើប្រាស់គ្រឿងញៀន ព្រមទាំងមានកំណាត់ឈើមួយចំនួននៅក្នុងរថយន្ត របស់ពួកគេ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញចោទពីបទរារាំងសមត្ថកិច្ចពេលចុះបំពេញការងារ និងបង្ករបួសស្នាម។
ចំណែកករណីពាក់ព័ន្ធ បទល្មើសប្រើប្រាស់គ្រឿងញៀន មន្ត្រីជំនាញបានបញ្ជូនជនសង្ស័យទៅសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីជាបន្តទៀត៕ ដោយ ៖ សមុទ្រឈើ