កំពង់ធំ ៖ លោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ដែលបំរើដល់វិស័យព្រះពុទ្ធសាសនា ទាំង អស់នេះ បានកសាងឡើងនៅពេលប្រទេសមានសន្តិភាព ជីវភាពពលរដ្ឋមានការរីកចម្រើន និងនៅក្នុងពេលដែលជំនឿសាសនារបស់ពលរដ្ឋត្រូវបានលើកកម្ពស់។
លោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យពុទ្ធាភិសេកសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើននៅក្នុងវត្តបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
លោក ងួន ញ៉ិល បានគូសបញ្ជាក់ថា ការជួបជុំរបស់ពលរដ្ឋក្នុងពិធីបុណ្យពុទ្ធសាសនានេះ មិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាពរបស់វិស័យព្រះពុទ្ធសាសនានោះទេ ប៉ុន្តែបានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោក បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេសជាតិទាំងខាងអាណាចក្រនិងពុទ្ធចក្រ។
លោក អនុប្រធានទី២រដ្ឋសភា បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិឲ្យបានល្អប្រសើរគង់វង្សយូរអង្វែងទៅ ដើម្បីទទួលបាននូវការអភិវឌ្ឍតរហូតទៅសម្រាប់ខ្លួនឯងផង និងកូនចៅជំនាន់ក្រោយផង៕ ដោយ ៖ បញ្ញាស័ក្តិ