កែប៖ កំពង់ផែដឹកទំនិញសេះសនេះ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ នៅក្នុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះ មានសមត្ថភាពឲ្យសាឡាងដឹកទំនិញចេញចូលបាន ក្នុងរង្វង់ពី ១០តោន ទៅ ១០០០តោន ដែលគម្រោងកំពង់ផែនេះ គ្រោងចំណាយថវិកាប្រមាណ ២លានដុល្លារ។ ដោយឡែកនៅក្នុងខេត្តកំពត កំពង់ផែនេះ ក៏នឹងមានលទ្ធភាពអាចនាំចេញ នាំចូលទំនិញនានា តាមបណ្តាប្រទេសជិតខាងផងដែរ។
ចំណតជលយាន្តសេះស ជាកំពង់ផែដឹកទំនិញលើកដំបូងរបស់ខេត្តកែប ដែលជាការវិនិយោគរួមគ្នា រវាងរដ្ឋ និងវិស័យឯកជន ។ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ផ្អែកលើការសិក្សាវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតជលយាន្ត ឬ(កំពង់ផែសះស) ដោយគណៈកម្មការចម្រុះទទួលបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តគម្រោងវិនិយោគសាងសង់ ចំណតដលយាន្ត (កំពង់ផែស) នេះមានគោលបំណងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតឱកាស ការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្ររបស់របស់ប្រជាពលរដ្ឋនៅក្នុង ខេត្តកែប។
កំពង់ផែសេះសនេះ មានទីតាំងស្ថិតនៅភូមិអូរក្រសារ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប ដោយគ្រោងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៣។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា បច្ចប្បន្នជ្រលងទឹក ដែលប្រជានេសាទ កំពុងប្រើរាល់ថ្ងៃ មានសភាពតូច ដូចនេះ ចាំបាច់ ត្រូវមានការកាយពង្រីកផ្លួវទឹក ឲ្យមានជម្រៅជ្រៅ និងធំជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យសាឡាង ចេញចូលបាន ជាពិសេសការពង្រីកការដឹកជញ្ជូនឱ្យកាន់តែធំនិងប្រសើរជាងមុន។
គួរបញ្ជាក់ថា ចំណតជនយាន្តសេះស គ្រោងនឹងដាក់ឲ្យអនុវត្តន៍នាពេលខាងមុខនេះ ដែលបម្រើឲ្យការដឹកទំនិញចាំបាច់នានា ដោយនៅក្នុងនោះ គឺប្រភេទធ្យូងថ្ម សម្រាប់បម្រើឲ្យរោងចក្រផលិតស៊ីម៉ង់ត៍ធំៗ ២ ដែលមាននៅក្នុងខេត្តកែប និងខេត្តកំពតផងដែរ៕