ស្វាយរៀង ៖ លោកព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថាសន្តិភាព និងស្ថិរភាពជាបុព្វបទដើម្បីធានាឲ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅលើផ្លូវប្រជាធិបតេយ្យពិតប្រាកដ។
ការថ្លែងបែបនេះខណៈដែលលោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ ដែលមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងបាវិត ប្រធានប៉ុស្តិ៍ច្រកទ្វាព្រំដែន ព្រមទាំងកម្លាំង នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ និង៦១១ សរុបចំនួន ២៩២នាក់ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ។
លោក ព្រុំ សុខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចដល់សុខទុក្ខរបស់កងកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងនូវការកោតសរសើរ ដល់វីរៈភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងកម្លាំង ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាងជាមិត្តភូមិផងរបងជាមួយ បានល្អប្រសើរគួរឲ្យកត់សម្គាល់។ ស្នាដៃនេះគឺជាចំណែក នៃសមិទ្ធផលដ៏ធំធេងសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនជឿនលឿនជាលំដាប់។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ ពីកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធានាដល់ភាព រុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្តរបស់ប្រជាជនយើងនាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺសន្តិភាព និងស្ថិរភាព ហើយនោះ ក៏ជាបុព្វបទដើម្បីធានាឲ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅលើផ្លូវប្រជាធិបតេយ្យពិតប្រាកដ។
ក្នុងឱកាសនោះ លោកព្រំសុខា និងគណៈប្រតិភូ បាននាំមកជាមួយនូវគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភដល់វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ និង៦១១ ក្នុងមួយអង្គភាព ៥លានរៀល ឧបត្ថម្ភកម្លាំងអង្គភាពទាំងពីរចំនួន ២៩២នាក់ ក្នុង ១នាក់ ១០ម៉ឺនរៀល
ព្រមទាំងសម្ភារជូនអង្គភាពទាំងពីរ សរុបរួមមាន អង្ករ ០៣តោន មី ១២៨កេស ត្រីខ ៣៤កេស ទឹកក្រូច ២៤កេសទឹកបរិសុទ្ធ ១១៤កេស សាច់ជ្រូក ០២ក្បាល ស្មើនឹង ១៦០គីឡូក្រាម នំអន្សម បន្លែ និងស្រាបៀរ ៤០កេស ។ ដោយឡែក អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង ៨ ក្នុង ១អង្គភាព ទទួលបាន អង្ករ ០២បាវ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង ៨០ ក្នុង ១អង្គភាព ទទួលបាន អង្ករ ០១បាវ ៕ វ៉ៃកូ