ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ MG បានបង្ហាញកាលពីពេលថ្មីៗនេះថា ពួកគេអាចធ្វើការកែច្នៃខ្សែសម្រាប់ភ្ជាប់ឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple មានដូចជាខ្សែប្រភេទ Lightning និង USB-C ដើម្បីលួចទាញយកទិន្នន័យនៅពេលដែលអ្នកប្រើប្រាស់វាយបញ្ចូលលេខសម្ងាត់ ឬព័ត៌មានផ្សេងៗ។
ក្នុងករណីនេះ ពួកគេបានឱ្យឈ្មោះខ្សែដែលបានកែច្នៃនេះថា ខ្សែ OMG ហើយវាមានបង្កប់មកជាមួយនឹងបន្ទះឈីបតូចមួយដែលអាចបង្កើត Wi-Fi hotspot ដែលអាចឱ្យជនខិលខូចភ្ជាប់ដើម្បីទាញយកទិន្នន័យបាន។ ការកែច្នៃនេះបង្ហាញឱ្យឃើញថា ទោះបីជាខ្សែប្រភេទ USB-C ដែលមិនមានទំហំធំក្ដី ក៏ក្រុមអ្នកស្រាវជ្រាវអាចនៅតែធ្វើការកែច្នៃបន្ថែមបន្ទះឈីបបានទៀត។
ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា គួរតែចៀសវាងប្រើខ្សែភ្ជាប់ដែលមាននៅទីសាធារណៈ ព្រោះជនខិលខូចអាចលួចបន្លំដាក់ខ្សែដែលបានកែច្នៃនៅទីនោះ ដើម្បីលួចទាញយកទិន្នន័យនៅពេលដែលអ្នកប្រើឧបករណ៍ទាំងនោះ៕