ជឿថា ប្រិយមិត្តពិតជាបានស្គាល់រួចហើយ អន្ទិត ថៃ ចាន់ឡី ដែលធ្លាប់ល្បីល្បាញខ្លាំង កាលពីនៅជាព្រះសង្ឃ ដោយត្រូវបានមហាជនស្គាល់ គឺតាមរយៈលោកបានបង្ហោះរូបថតបង្អួតសាច់ដុំ អមជាមួយទេសភាពដ៏ទាក់ទាញជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលកន្លងទៅនេះ។
តែទោះយ៉ាងណា ក្រោយមហាជនជាច្រើន បាននាំគ្នារិះគន់ ចំពោះឥរិយាបទហាក់មិនសមរម្យ ព្រោះខ្លួនជាព្រះសង្ឃ បែរជាថតបង្អួតសាច់ដុំប្រៀបដូចខ្លួនជាតារា ហើយព្រោះតែមិនចង់មានបញ្ហាកើតឡើង ព្រះសង្ឃ ថៃ ចាន់ឡី ក៏បានឈប់ធ្វើរឿងនេះតទៅទៀត។ ប៉ុន្តែ ក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែព្រះសង្ឃ ថៃ ចាន់ឡី បានលាចាកសិក្ខាបទ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិននឹកស្មាន។
ពិតណាស់ ក្រោយលាចាកសិក្ខាបទមិនបានប៉ុន្មានផង អន្ទិត ថៃ ចាន់ឡី ហាក់មានទីផ្សារសិល្បៈភ្លែតតែម្តង ដោយលោកត្រូវបានគេអញ្ជើញឲ្យថតខ្សែភាពយន្តមួយ។ ប៉ុន្តែ អ្វីដែលមិននឹកស្មាននោះ គឺបើតាមប្រភពបានប្រាប់ឲ្យដឹងថា លោកគឺជាអ្នកដឹកនាំរឿងខ្លីៗម្នាក់ តាំងកាលលោកនៅជាព្រះសង្ឃ ហើយរហូតមកដល់ពេលនេះ លោកក៏នៅតែបន្តការងារមួយនេះដដែល។
ដោយឡែក ថ្មីៗនេះ អន្ទិត ថៃ ចាន់ឡី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីបានបង្ហាញរថយន្តស៊េរីទំនើប១គ្រឿងម៉ាក MG ទើបទិញថ្មី ដែលរថយន្តនោះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃថ្លៃខ្លាំងណាស់ខ្ទង់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ឯណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








