ប្រភពពីវៀតណាមឲ្យដឹងថា នៅប្រទេសនេះក្រៅពីផ្សិតលិញជឺ និងផ្សិតមួយចំនួនទៀត គេឃើញមានប្រភេទផ្សិតកម្រមួយទៀតដែលហៅថា ផ្សិត “ស្នូលពក” វាមានរាងដូចជាស្បៃមុខ របស់ពួកអភិជន ហើយនៅពីលើមានមួកតូចមួយគ្របពីលើ វាមានឈ្មោះវិទ្យាសាស្ត្រថា Dictyophora indusiata អាស្រ័យដោយមានរាងរៅបែបនេះ ទើបមានឈ្មោះមួយទៀតហៅថា ផ្សិតរាជនី ។
ផ្សិតរាជនី ពេលលូតលាស់ពេញលក្ខណៈនោះពីក្រោមមួករបស់វា រីកចេញស្បៃមុខ ដូចពួកអភិជនជំនាន់ដើម ។
ពិសេសផ្នែកដូចមួកខាងលើរបស់វា គឺជាកន្លែងមានក្លិនស្អុយសម្រាប់ទាក់ទាញពពួកសត្វល្អិតដូចជារុយ មូស ឲ្យមកទុំ ។
ផ្សិតនេះត្រូវបានចាត់ទុកជាប្រភេទអាហារជាន់ខ្ពស់ ។ សារធាតុចំរាញ់ចេញពីផ្សិតនេះ មានសមត្ថភាពបង្ការ និងព្យាបាលជំងឺជាច្រើនដូចជា ៖ មហារីកដោះ ជំងឺរលាកសន្លាក់ gout ។
ផ្សិតរាជនីត្រូវបានគេរកឃើញក្នុងធម្មជាតិនាបណ្តាប្រទេសនៅទ្វីបអឺរ៉ុប អាមេរិកខាងជើង និងប្រទេសមួយចំនួននៅទ្វីបអាស៊ី នៅប្រទេសវៀតណាម គេច្រើនប្រទះឃើញវា នៅតាមជាយគុម្ពឫស្សី មាត់ទន្លេ… ។
ជាក់ស្តែងគេធ្លាប់ឃើញវា ដុះព្រោងព្រាតនាតំបន់គ្មានមនុស្សនៅ ខេត្តឡុងអាន នាឆ្នាំ ២០០៤ ។
ប្រទេសចិន បច្ចុប្បន្នជាប្រទេសផលិតផ្សិតរាជនីនេះធំបំផុតពិភពលោក រួចនាំចេញបន្ទាប់ពីសម្ងួតរួច។
ប្រសិនបើប្រិយមិត្តណាធ្លាប់ឃើញសូមជួយប្រាប់ថាផ្សិតនេះនៅស្រុកយើងហៅថាផ្សិតអ្វី និងមាននៅទីណា?