ភ្នំពេញ៖ មូលនិធិចិន ដើម្បី សន្តិភាព និងការអភិវឌ្ឍ (China Foundation for Peace and Development-CFPD) បាន ផ្តល់ ជំនួយ សម្ភារបរិក្ខារវេជ្ជសាស្រ្ត ជូនវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ស្មើនឹងទឹកប្រាក់ ១៩៦.៦១៦យ័ន(ប្រមាណ ៣០.៤៣៥ ដុល្លារ )តាមរយៈ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអង្គការសង្គមស៊ីវិល និងមិត្តភាព រវាងប្រជាជន កម្ពុជា និងប្រជាជនចិន ក៏ដូចជាចូលរួម ចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។
ពិធីប្រគល់-ទទួល ជំនួយ សម្ភារបរិក្ខារវេជ្ជសាស្រ្ត ធ្វើឡើង តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយក្នុងនោះរួមមាន ម៉ាសវេជ្ជសាស្រ្តចំនួន ២០០.០០០សន្លឹក , តេស្តរហ័ស SARS-COV-2 ម៉ាក Novel ចំនួន ៥.០០០តេស្ត, ឈុតអាវពេទ្យ ការពារមេរោគ ចំនួន ៥.០០០ឈុត, ថ្នាំគ្រាប់ Lianhua Qingwen ចំនួន ២.៤០០ប្រអប់។
ជំនួយទាំងអស់នេះ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ហេីយ វេទិកាសម្ព័ន្ធសង្គមស៊ីវិល វ.ស.ស នឹងចាប់ផ្តើម យុទ្ធនាការ បាញ់ថ្នាំ សម្លាប់ មេរោគ កូវីដ-១៩ ជុំទី៣ នៅទូទាំង ២៥រាជធានី-ខេត្ត ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដោយសហការជាមួយ កងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ និងអង្គការ ដៃគូ របស់ វ.ស.ស. ដែលនឹងធ្វើការបាញ់ ថ្នាំ សម្លាប់ មេរោគនៅទីតាំងសាធារណៈសំខាន់ៗ ដែលកំណត់ ដោយ រដ្ឋបាល រាជធានី-ខេត្តនីមួយៗ។
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល CSAF បានវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់ដួងចិត្តរវាងប្រជាជន និងប្រជាជនប្រទេសចិន និងប្រទេសកម្ពុជា និងការពង្រឹង ពង្រីកនូវទំនាក់ទំនងជាមេត្រីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ CFPD បានប្រកៀកស្មារជាប់ជានិច្ចជាមួយ CSAF ក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា តាមរយៈការកៀងគរនូវទឹកចិត្តសប្បុរសធម៌ពីប្រជាជនចិន ដើម្បីទិញសម្ភារបរិក្ខារវេជ្ជសាស្រ្តនានាជូនដល់ប្រជាជន និងសង្គមស៊ីវិលនានានៅកម្ពុជាតាមរយៈCSAF។ នៅថ្ងៃនេះជាជំនួយលើកទី៣របស់CFPD ជូនដល់CSAF៕