បន្ទាយមានជ័យ ៖ នៅទីរួមស្រុកមង្គលបូរី ស្ថិតក្នុងភូមិសាស្ត្រឃុំឬស្សីក្រោក ដែលមានពលរដ្ឋរស់នៅជាង៣ម៉ឺននាក់ ទើបមានផ្សារថ្មី១ទៀត ហើយសម្ពោធដាក់អោយប្រើប្រាស់កាលពីល្ងាចថ្ងៃទី១ មេសា ឆ្នាំ២០១៨ ។ លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីនិងកិត្តិយសក្នុងពិធីសម្ពោធ។ អ្នកស្រី លាប យ៉ាន់ពេញ ជំនួសមុខលោកលាប ម៉ាន និងអ្នកស្រីជួងជាម្ចាស់ ទីតាំងដីនិងវិនិយោគសំណង់ផ្សារមង្គលបូរីថ្មីហៅផ្សារតាយ៉ាវអោយដឹងថា ៖ ក្រុមគ្រួសារក្នុងមូលដ្ឋានរបស់ខ្លួនបានសម្រេចវិនិយោគទុនជិត៩សែនដុល្លារ កសាងផ្សារនេះពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥កន្លងមកលើដីទំហំជិត២ហិចតា ស្ថិតនៅភូមិហ្លួងឃុំឬស្សីក្រោកនេះ ព្រោះមានលិខិតអនុញ្ញាតអោយបង្កើតនិងលិខិតបំបែកក្បាលដីល្វែងពីរដ្ឋបាលខេត្ត ដែលមានស្តង់៧២ តូបធំ១៦៨និងតូបតូចសម្រាប់ត្រីសាច់បន្លែ៧២ ទាំងនេះគឺដើម្បីរួមចំណែកអភិវឌ្ឍន៍ផ្នែកឯកជននិងបង្កើនជីវភាពគ្រួសារពលរដ្ឋ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ក៏ដូចលោកឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យបានសាទរចំពោះដៃគូផ្នែកឯកជននេះដែលវិនិយោគទុនដ៏ច្រើននៅក្នុងមូលដ្ឋានខ្លួនក្នុងការកសាងផ្សារមង្គលបូរីថ្មីដែលមានសំណង់រឹងមាំ ទំនើប ទាន់សម័យ ទូលាយ ដោយសង់លើទីទួលខ្ពស់ ចំកណ្តាលបេះដូងប្រជុំជនស្រុកមានផ្លូវចេញចូលច្រើននិងដែលមានពលរដ្ឋច្រើននេះ។
អាជ្ញាធរសង្ឃឹមថា សមិទ្ធផលនេះនឹងរួមចំណេកជំរុញការីកចម្រើនទាំងជីវភាពពលរដ្ឋ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ចនៅភូមិឃុំស្រុកនេះបន្ថែមមួយកម្រិតទៀត ខណ:ពេលដែលអាជ្ញាធរ សមត្ថកិច្ចនិងសប្បុរសជននានាបានស្តារ និងអភិវឌ្ឍន៍នៅស្រុកនេះក៏ច្រើនដែរ។
លោកម៉ៅ ម៉ាល័យ កែ គឹមយ៉ាននិងអ្នកពាក់ព័ន្ធបានចែកអំណោយដល់អ្នកចូលរួមគ្រប់សមាសភាព ហើយបានកាតខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ផ្សារមង្គលបូរីថ្មី ហើយបានដើរសួរសុខទុក្ខនិងជូនពរដល់ពលរដ្ឋជាអាជីវករ ក៏ដូចម្ចាស់វិនិយោគកសាងផ្សារនេះ អោយរកស៊ីមានបាន មានសុខភាពល្អ សុភមង្គលនិងមានជោគជ័យសិរីសួស្តីវិបុលសុខក្នុងឱកាសឆ្នាំថ្មីនេះតទៅ ។
សូមបញ្ជាក់ថា ស្រុកមង្គលបូរីជាស្រុកដែលមានឃុំចំនួន១៣ ឃុំនិងពលរដ្ឋជាង២៦ម៉ឺននាក់ ពោលគឺច្រើនជាងគេនៅក្នុងខេត្ត។នៅប្រជុំជនស្រុកមានផ្សារចាស់មួយគឺផ្សារមង្គលបូរី ហើយឥឡូវទើបមាន១ទៀតនេះ។ ឯនៅតាមឃុំនានា មានផ្សារ៩ កន្លែង៕ ដោយ ៖ បន្ទាយ