ភ្នំពេញ៖ ធនាគារ បានABA ចាប់ផ្ដើមទទួលការបង់ពន្ធតាមមធ្យោបាយផ្សេងៗអាស្រ័យលើប្រភេទពន្ធ សម្រាប់អគ្គនាយកដ្ឋានពន្ធដារ (GDT)។
អតិថិជន ABA អាចបង់ពន្ធផ្លូវពីគេហដ្ឋាន ឬកន្លែងធ្វើការ ដោយប្រើកម្មវិធីពន្ធ GDT Taxpayer App។ ពេលបង់ពន្ធតាមរយៈ កម្មវិធី GDT Taxpayer App អតិថិជន ត្រូវជ្រើសរើស ABA PAY នៅលើអេក្រង់ទូទាត់ ពេលនោះកម្មវិធីABA Mobile នឹងបើកដំណើរការដោយស្វ័យប្រវត្តិនៅលើស្មាតហ្វូនរបស់អតិថិជន ដើម្បីដំណើរការទូទាត់ដោយប្រើគណនី ABA ។ នាពេលខាងមុខនេះ GDT និង ABA នឹងពង្រីកសេវាកម្មដើម្បីរួមបញ្ចូលទាំងការប្រមូលពន្ធលើអចលនទ្រព្យប្រចាំឆ្នាំផងដែរ។
លើសពីនេះទៅទៀត អតិថិជន ABA អាចធ្វើការបង់ពន្ធផ្សេងៗនៅបញ្ជរនៃសាខារបស់ធនាគារ ABA ទូទាំងប្រទេស ដែលមាន៖ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ពន្ធសហគ្រាស ពន្ធលើអចលនទ្រព្យ រួមមានពន្ធប្រចាំខែ (ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុក ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ អាករលើតម្លៃបន្ថែមជាដើម) និងពន្ធប្រចាំឆ្នាំ (ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ ជាដើម)។
លោក ម៉ី ប៉ូលីន ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម របស់ធនាគារ ABA លើកឡើងថា ការពង្រីកមធ្យោបាយទូទាត់ដែលមានភាពងាយស្រួល បត់បែន និងអាចជឿទុកចិត្តបាន នឹងជួយបង្កើនគុណតម្លៃសម្រាប់អ្នកមានកាតព្វកិច្ចពន្ធ។ ការប្រមូលចំណូលពន្ធ នឹងដើរតួនាទីដ៏សំខាន់ក្នុងនាមជាប្រភពចំណូលមួយ ក្នុងចំណោមប្រភពចំណូលចម្បងៗរបស់រាជរដ្ឋាភិបាល ដោយយោងលើការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោកបន្តថា ការចូលរួមបង់ពន្ធជូនរដ្ឋ ជាការរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ដូច្នេះ នេះជាដំណោះស្រាយឈ្នះឈ្នះសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ខណៈដែលយើងកំពុងបង្កើតប្រព័ន្ធទូទាត់ដោយមិនប្រើសាច់ប្រាក់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់កម្ពុជា៕