ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រារព្ធពិធីចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុន DBD Engineering Plc. ក្រោមវត្តមានរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, និងលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនចុះបញ្ជីចំនួន ១៤។ ក្រុមហ៊ុនចុះបញ្ជីចំនួន ៨ បានចុះបញ្ជីជាភាគហ៊ុន និង ៦ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ១៤នេះ បានប្រមូលទុនពីទីផ្សារមូលបត្រសរុបប្រមាណជាង ២៥៧លានដុល្លារ។ នេះបើយោងតាមការឲ្យដឹងពីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា តាមរយៈនេះ ក្រុមហ៊ុនដែលបានចុះបញ្ជីមិនត្រឹមតែមានលទ្ធភាពទទួលបាននូវប្រភពទុន ដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែងប៉ុណ្ណោះទេ តែថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារពីរាជរដ្ឋាភិបាល, បង្កើនកិត្តិនាមខ្លួននៅទីផ្សារជាតិ និងអន្តរជាតិ, ទទួលបានការទុកចិត្តខ្ពស់ពីអតិថិជន, វិនិយោគិន និងសាធារណជន ជាមួយនឹងតម្លៃភាគហ៊ុនមួយខ្ពស់តាមស្ថានភាពទីផ្សារ។
ឯកឧត្តម បានបញ្ជាក់ថា ការបោះជំហានថ្មីមួយទៀតរបស់ផ្សារមូលបត្រកម្ពុជាក្នុងការចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្ដល់ឱ្យសហគ្រាសទាំងឡាយនូវច្រកហិរញ្ញប្បទានថ្មីមួយ ដែលជា ប្រភពទុនមិនចេះរីងស្ងួតជាមួយនឹងចំណាយថ្លៃដើមទាប ស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ ២២១-២០២៣ របស់រាជរដ្ឋាភិបាល ដែលគ្រោងនឹងដាក់ចេញ ក្នុងគោលបំណង អូសទាញកំណើន សេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងតាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសលើមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក៕