ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានស្នើដល់យុវជនទាំងអស់ ត្រូវតែមានការទទួលខុសត្រូវ កែលម្អនូវរាល់កំហុសខុសឆ្គងរបស់ខ្លួន ហើយរាល់ការធ្វើសេចក្តីសម្រេចចិត្តសូមគិតឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវចេះគិត ក្តាប់ព័ត៌មានឱ្យបានច្រើនប្រភព និង កុំជឿអ្នកដែលឆ្កឹះឆ្គៀល។
លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបែបនេះក្នុងឱកាសនៃពិធីបើកវគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ វគ្គ៧ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៃទីស្តីការក្រសួងបរិស្ថាន។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ស្នើសូមឲ្យអង្គសិក្ខាមដែលមានវត្តមាននៅទីនេះទាំងអស់ ត្រូវតាំងចិត្តឱ្យបានច្បាស់លាស់ ថាយើងជានរណា ជាមនុស្សស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ចំពោះជាតិ មាតុភូមិ និងប្រជាជន គ្រប់កាលៈទេសៈ គ្រប់ការដ្ឋាននៃការលំបាកត្រូវលះបង់លះបង់សេចក្តីសុខ ដើម្បីជាតិ មាតុភូមិ ទាំងក្នុងស្ថានភាពជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម ក្នុងសមរភូមិប្រជាធិបតេយ្យ ដែលខុសពីយុវជនជំនាន់មុនបានលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ករណីខ្លះជំនាន់អ្នកមុនធ្វើបាន តែអ្នកជំនាន់ក្រោយធ្វើមិនបានដូចជា ការសាងសង់អង្គរ និងការពង្រីកទឹកដីជាដើម ជារួមការលៈបង់មានច្រើនសណ្ឋាន ច្រើនទម្រង់ និងតាមសម័យកាល។ លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា “យុវជនទាំងអស់ត្រូវតែមានការទទួលខុសត្រូវ កែលម្អនូវរាល់កំហុសខុសឆ្គងរបស់ខ្លួន ជាពិសេសភាពអសកកម្មរបស់ខ្លួន ជាក់ស្តែងបើខុសកុំធ្វើ ហើយរាល់ការធ្វើសេចក្តីសម្រេចចិត្តសូមគិតឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវចេះគិតមុខគិតក្រោយ ក្តាប់ព័ត៌មានឱ្យបានច្រើនប្រភព និងធ្វើការផ្ទៀងផ្ទាត់ កុំជឿអ្នកដែលឆ្កឹះឆ្គឿល ត្រូវមានការដកពិសោធន៍ វាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងលើកទឹកចិត្តអ្នកមានស្នាដៃល្អ ត្រូវបែងចែកភារកិច្ចនិងត្រូវមានការត្រួតពិនិត្យ ដោយផ្សារភ្ជាប់និងការងារចាត់តាំងទទួលខុសត្រូវបង្កលក្ខណៈសម្បត្តិរៀបចំយុទ្ធសាស្ត្រ និងដាក់ចេញនូវយុទ្ធវិធី រៀបចំផែនការលម្អិត អនុវត្តន៍ដោយភាពប៉ិនប្រសព្វ”។
លោក ជា សុផារ៉ា បានបន្តទៀតថា ត្រូវមានក្រមសីលធម៌នៅក្នុងការរស់នៅ អកប្បកិរិយា ពាក្យសំដី ភាពទន់ភ្លន់ម៉ឺងម៉ាត់ ត្រូវផ្តើមចេញពីខ្លួនយើង ត្រូវក្តាប់ជាប់អំពីគោលនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ចេះទាញយកទិន្នន័យ និងសមិទ្ធផលជាក់ស្តែងមកនិយាយបង្ហាញភាពខ្លាំងប្រកបដោយជំនឿ និងមោទនភាពដែលយើងសម្រេចបាន ដោយលើកយកចំណុចដែលសំខាន់ៗ ស្របតាមស្ថានភាពរបស់ប្រជាជន ដើម្បីនិយាយឱ្យចូលត្រចៀកអ្នកនៅមូលដ្ឋាន។ ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានសូមណូមពរឲ្យអ្នករាជការសាធារណៈ សូមឱ្យសេវាមួយបង្កើនប្រជាប្រិយភាពមួយ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ នោះអំពើល្អត្រូវបានប្រជាពលរដ្ឋគាំទ្រ និងរិះរកគ្រប់វិធីគ្រប់បែបយ៉ាង ដើម្បីបានទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។
ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ជាទិសដៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គឺ៖
ធ្វើយ៉ាងណាឱ្យក្រសួងត្រូវបានប្រជាពលរដ្ឋពេញចិត្ត មានទំនុកចិត្ត ធ្វើផែនការប្រើប្រាស់ដីធ្លី ដែលមានសក្តានុពលសេដ្ឋកិច្ច
ចុះបញ្ជីដីធ្លី បាន ៤,៦ លានក្បាលដី លើក្បាលដី៧ លានក្បាលដី (ក្នុង១ ឆ្នាំចុះឱ្យបាន ១០ ភាគរយ) រៀបចំចុះបញ្ជីកម្មសិទ្ធិដីជូនប្រជាពលរដ្ឋ រាល់សំណង់អគារត្រូវមានមួយផ្នែកគិតពីអត្តសញ្ញាណរបស់ជាតិ រក្សានូវបរិស្ថានបៃតងតាមអគារ ឆ្នេរទាំង៤ ខេត្ត និងតាមកោះក្នុងដែនសមុទ្រកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ