កើតចាស់ឈឺស្លាប់ គឺជារឿងរបស់ច្បាប់ធម្មជាតិ ដែលគ្មានសត្វលោកណាមួយ អាចគេចផុតពីសេចក្តីស្លាប់នេះបានឡើយ គឺគ្រាន់តែមុន និងក្រោយ ប៉ុណ្ណោះឯង។ ប៉ុន្តែ ការចាកចេញទៅវិញនេះផងដែរ ជូនកាលអ្នកខ្លះក៏ធ្វើឲ្យក្រុមគ្រួសារសឹងតែមិនអាចទទួលយកបាន ព្រោះវាហាក់ឆាប់លឿនពេក ដោយសារតែគ្រោះថ្នាក់អ្វីមួយ ឬ ជំងឺកាចសាហាវឆក់យកជីវិតត្រឹមតែមួយរយៈពេលខ្លី ជាដើម។
ដោយឡែក ចំពោះការស្លាប់ទាំងនៅវ័យក្មេង របស់ស្រ្តីម្នាក់ជាម្ចាស់ហាងពេជ្រដ៏ធំមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ គឺបានបន្សល់ទុកនូវក្តីអាឡោះអាល័យ និងការឈឺចាប់ខ្លាំងបំផុត សម្រាប់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់គាត់។ ចំពោះមូលហេតុ គឺដោយសារគាត់កើតជំងឺមហារីក។
យ៉ាងណាមិញ បើតាមគណនីហ្វេសប៊ុកឈ្មោះ រីតា សប ដែលត្រូវជាក្មួយ បានបង្ហោះសាររៀបរាប់ទាំងក្តីក្តុកក្តួលយ៉ាងដូច្នេះថា៖ « អុីបានសុខហើយ អុីលែងឈឺចាប់ទៀតហើយ ព្រះអើយ លឿនពេកហើយ ហេតុអីក៏អុីទៅចោលពួកយើង ដាច់ចិត្តពេកហើយ វាជាកាពិតដែលគ្រប់គ្នាមិនអាចទទួលយកបានថាអុីនឹងចាកចេញ អុីតែងតែប្រាប់ខ្ញុំឲ្យថែសុខភាព ចុះអុីម៉េចមិនថែសុខភាពខ្លួនឯងផងអុីមុំអើយ ទេវតាចិត្តអាក្រក់សម្រាប់មនុស្សល្អដូចជាគាត់ពេកហើយ សុំទោសផងណាអុីណាដែលខ្ញុំមិនបានទៅ ខ្ញុំសូមបួងសួងនៅបុណ្យទាំងអស់ដែលខ្ញុំធ្លាប់ធ្វើកន្លងមកមិនថាតិចក្តីច្រើនក្តីមានពិត សូមអុីឆាប់កើតជាតិថ្មី មានគ្រប់យ៉ាង ស្អាត និងសុខភាពល្អ អាយុវែង កុំអោយអភ័ព្វដូចជាតិនេះទៀត អគុណអុីដែលអាណិតស្រលាញ់ខ្ញុំរហូតមក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











