ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ ខណៈដែលបានដឹងថា តារាសម្តែងអ្នកនាង សឿ សុធារ៉ា ជំពាក់លុយកូនតុងទីនដោយមិនដឹងចំនួនប៉ុន្មាននោះទេ រហូតកូនតុងទីនម្នាក់សម្រេចចិត្តបង្ហោះជាសាធារណៈ ដើម្បីឲ្យមហាជនបានដឹងឮ និងជួយរកយុត្តិធម៌ឲ្យខ្លួនផង។
តែទោះយ៉ាងណា ក្រោយរឿងរ៉ាវនេះបានផ្ទុះឡើង រហូតល្បីសារព័ត៌មានក្នុងស្រុកជាច្រើនចុះផ្សាយព្រោងព្រាត នៅទីបំផុត អ្នកនាង សឿ សុធារ៉ា ក៏បានផ្តល់បទសម្ភាសន៍ប្រាប់សារព័ត៌មានមួយថា អ្នកនាងបានទទួលស្គាល់ចំពោះរឿងដែលបានកើតឡើងនេះ និងថាហេតុផលនាំឲ្យមានការបង្ហោះនេះឡើង គឺដោយសារអ្នកនាងបានបើកធ្វើមេតុងទីនច្រើនក្បាល ប៉ុន្តែ ដោយសារកូនភាគច្រើនដេញហើយ រត់ចោល ជាហេតុធ្វើឲ្យអ្នកនាងមានការយឺតយ៉ាវ ក្នុងការបង្វិលបង់ឲ្យកូនៗដទៃ។
អ្នកនាង សឿ សុធារ៉ា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កូនៗតុងទីនទាំងនោះ បានកំពុងបោកអ្នកនាងជាមេ ក្នុងទឹកប្រាក់ជិត ១០ ម៉ឺនដុល្លារ ឯណោះ ប៉ុន្តែ អ្នកនាងមិនរត់ចោលកូនណាម្នាក់នោះទេ និងសុំឲ្យកូនៗមានការយោគយល់ ហើយសន្យាដោះស្រាយជូនគ្រប់កូន។
ដោយឡែក ជុំវិញការបង្ហោះរបស់ស្រ្តីម្នាក់នោះ អ្នកនាងថា ខ្លួននឹងដាក់ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ ដោយអ្នកនាងបានអះអាងថា អ្នកនាងមិនទាន់រត់ចោលកូនៗណាម្នាក់ឡើយ គឺគ្រាន់តែមានការយឺតយ៉ាវខ្លះ ព្រោះតែកូនៗភាគច្រើនបានបោកប្រាស់អ្នកនាងក្រោយដេញលុយបាន។ អ្នកនាងក៏បានពន្យល់ថា កូនៗបោកប្រាស់អ្នកនាងជិត ១០ ម៉ឺនដុល្លារ អ្នកនាងមិនបង្ហោះអ្នកទាំងនោះផង គឺសុខចិត្តលៃលកដោះស្រាយជាមួយកូនៗជាជំហ៊ានៗ តែរឿងអីបានមកបង្ហោះបង្ខូចឈ្មោះអ្នកនាងបែបនេះ។ អ្នកនាងសុធារ៉ា ក៏បានបញ្ជាក់ឲ្យថា អ្នកនាងនៅតែបន្តបាញ់លុយឲ្យនារីម្នាក់នោះ ដោយគ្រាន់តែខកខានខ្លះប៉ុណ្ណោះ ព្រោះនាងត្រូវដោះស្រាយបង្វិលឲ្យកូនតុងទីនផ្សេងៗទៀត ហើយចំនួនទឹកប្រាក់ដែលនៅសល់ ក៏មិនច្រើននោះដែរ។
ប៉ុន្តែ បើតាមស្រ្តីជាកូនតុងទីនោះ បានបង្ហោះរៀបរាប់ឲ្យដឹងថា «បងប្អូនជួយស៊ែរយកតែបុណ្យផង ជួយរកយុត្តិធម៍អោយអ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃដូចនាងខ្ញុំផង ដោយសារខ្ញុំឆោតល្ងង់ អុីចឹងបងៗជួយរកយ៉ុត្តិធម៌អោយផង មេតុងទីន បងស្រីតារា(សឿសុធារ៉ា) មេជួយទូរទាត់លុយដែលនៅសល់អោយប្អូនផងមេ ប្អូនតេមិនលើក ឆាតមិនតបចឹងមេ? លេងតុងទីនជាមួយបង 7-8ខែ ខាតទាំងពេល អត់បានចំណេញ ហើយព្រមយកតែដើមវិញហើយ ហេតុអីបងឆាតមិនតបតេមិនលើកចឹងបង? បងធ្វើដាក់កូនគ្រប់គ្នាចឹងបង? លុយញើស លុយឈាមប្អូនខំលក់ផ្អក លក់មាំយកទៅបង់ណាបង។
ស្រ្តីរូបនោះ ក៏បានពោលពាក្យទាំងហួសចិត្តថា ព្រះពុទ្ធោ បងប្អូនជួយស្តាប់សំដីបងស្រីមេតុងទីន ដ៏មហាមានបាន (សឿ សុធារ៉ា) ឆាតចូលគ្រុប គំរាមប្តឹងខ្ញុំអោយអស់គូទខោ លក់ផ្ទះសម្បែងទៀតបងប្អូនអើយ ក្រដូចខ្ញុំបានអីទៅតតាំងជាមួយគេទៅ ទារលុយញើសឈាមខ្លួនឯងសោះ គេមិនអោយហើយ គេរកប្តឹងអោយអស់ពីខ្លួនទៀត។ ហិយមានដល់លុយប្តឹងខ្ញុំអោយលក់ផ្ទះ លក់សំបែង អោយអស់ពីខ្លួន តែហេតុអីមិនយកលុយទុកប្តឹងខ្ញុំនុងសងខ្ញុំ ហាបងស្រី? បងប្អូនឃើញអត់ ថាគាត់ពិតជាមានចេតនា គេចវេស ឆាតមិនតប តេមិនលើក មិនទូរទាត់លុយអោយខ្ញុំពិតប្រាកដមែន ព្រោះលុយគាត់មាន តែគាត់មានចេតនា មិនទូរទាត់អោយកូនៗដោយរលូនគ្រប់គ្នាទេ ឃើញអត់ ថាគាត់ត្រៀមលុយប្តឹងខ្ញុំអោយអស់ពីខ្លួនឯណោះ លុយគាត់ច្រើនណាស់ ទិញសុតតែពេជ្រ ជិះសុទតែ 570 តែលុយកូនតុងទីន ដោះស្រាយអោយទាំងលំបាក ទាំងវេទនា…។
ជាមួយនឹងហេតុផលរៀងៗខ្លួននេះ គេក៏នៅមិនទាន់ដឹងថា ខាងភាគីណាជាអ្នកត្រូវនោះទេ ស្របពេលដែលកូនតុងទីនមិនបានលុយគ្រប់ ក៏នៅតែបង្ហោះ និងប្រកាសថាមិនខ្លាចតតាំងនឹងផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














