កែប៖ អាជ្ញាធររំពឹងថា ក្រោយពីដាក់ឱ្យដំណើរការស្ថានីយថ្លឹងរថយន្តនេះ នឹងមានសកម្មភាពដឹកជញ្ជូនទំនិញកាន់តែមមាញឹក ជាពិសេសនៅពេលកំពង់ផែដឹកជញ្ជូនទំនិញសេះស និងកំពង់ផែដឹកជញ្ជូនទំនិញខេត្តកំពត បញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ។
ស្ថានីយថ្លឹងរថយន្តនេះ ស្ថិតនៅលើផ្លូវជាតិ លេខ ៣៣ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាស្ថានីយថ្លឹងរថយន្តទី១ របស់ខេត្តកែប កំពុងពន្លឿនការសាងសង់ ដើម្បីងាយស្រួលក្នុងការតម្រង់ទិសរថយន្តដឹកលើសទម្ងន់ដែលច្បាប់បានកំណត់។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបញ្ជាក់ថា ស្ថានីយថ្លឹងរថយន្តនេះ ជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំ ២០២១នេះ ហើយនឹងបើកដាក់ឱ្យដំណើរការ នាដើមឆ្នាំ ២០២២ខាងមុខឆាប់ៗនេះ៕
អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានបញ្ជាក់ថា ផ្លូវជាតិលេខ ៣៣នេះ គឺជាច្រកផ្លូវដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញ និងដោះដូរទំនិញផ្សេងៗ ទៅកាន់បណ្តារោងចក្រ និងតម្រូវការដឹកជញ្ជូនធន់ធ្ងន់ផ្សេងៗទៀត ដូចនេះការសាងសង់ស្ថានីយថ្លឹងរថយន្ត តាមបណ្តោយផ្លូវនេះជារឿងសំខាន់ ដោយអាចការពារផ្លូវមួយខ្សែរនេះផង និងកៀងគរចំណូលបន្ថែមចូលខេត្តផងដែរ៕