ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈបានដឹងថា តារាចម្រៀងកូនភ្លោះ និងជាមន្ត្រីនគរបាលផងដែរនោះ គឺលោក ស៊ិន សុភ័ក្រ្ក និងស៊ិន សុភា ត្រូវបានដកហូតឋានន្តរស័ក្តចំនួនមួយថ្នាក់ ក្រោយពីបានយកឯកសណ្ឋាន ទៅសម្តែងខុសគោលការណ៍។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kim Srin បានបង្ហោះសេចក្តីសម្រេច អមជាមួយរូបថតតារាចម្រៀងកូនភ្លោះទាំងពីរ និងរៀបរាប់បញ្ជាក់យ៉ាងខ្លីថា៖ ទម្លាក់ស័ក្តមន្រ្តីនគបាលខណ្ឌច្បារអំពៅមួយរូប និងនគរបាលចរាចរណ៍២រូប ក្រោយយកឯកសណ្ឋានទៅប្រើខុសគោលការណ៌។
នៅក្នុងសេចក្តីសម្រេចចុះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុវត្តពិន័យចំពោះមន្រ្តីនគរបាលចំនួន ៣ រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតឋានន្តរស័ក្តចំនួន១ថ្នាក់ ដែលក្នុងនោះ គឺមានតារាចម្រៀងកូនភ្លោះ លោក ស៊ិន សុភ័ក្រ្ក និង ស៊ិន សុភា។
លោក ស៊ិន សុភ័ក្រ្ក ជាមន្រ្តីនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលមានឋានន្តរស័ក្តជាអនុសេនីយ៍ឯក ត្រូវបានទម្លាក់មកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ។ ចំណែកលោក ស៊ិន សុភា ដែលក៏ជាមន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោកដូចគ្នា មានឋានន្តរស័ក្ត អនុសេនីយ៍ទោ ត្រូវបានទម្លាក់មកត្រឹមថ្នាក់ អនុសេនីយត្រី។
សូមបញ្ជាក់ថា បទចម្រៀង «មុខសញ្ញា» ដែលចូលរួមសម្តែងដោយតារាចម្រៀងកូនភ្លោះលោក ស៊ិន សុភ័ក្រ្ក និងលោក សុិន សុភា និងរួមទាំងតារាចម្រៀងស្រីកញ្ញា គង់ ចន្ទរដ្ឋា គឺត្រូវបានបញ្ចេញនៅលើបណ្តាញសង្គម កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ មកម្ល៉េះ ដែលទទួលការពេញនិយមខ្លាំង ពីស្រទាប់យុវវ័យ ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងTikTok តែម្តង។ ហើយឈុតឆាកក្នុងបទនេះ គឺនិយាយអំពីការតាមចាប់ជនល្មើសគ្រឿងញៀន ពីសំណាក់មន្រ្តីសមត្ថកិច្ច។ ហើយសមត្ថកិច្ចនៅក្នុង MV នោះ គឺសម្តែងដោយមន្រ្តីកូនភ្លោះទាំងពីរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


