ភ្នំពេញ៖ ការបង្ក្រាបរថយន្តទាំង២គ្រឿងនេះ ដឹកនាំផ្ទាល់ដោយ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមនិងក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងវរ:ព្រំដែន៨០៧នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត ២គ្រឿង ម៉ាក ISUZU ពណ៍ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខប្រទេសថៃ។
រថយន្តចំនួន ២គ្រឿងនេះ លួចដឹកសាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ចេញពីប្រទេសថៃ ចូលមកចែកចាយក្នុងទីផ្សារខេត្តបន្ទាយមានជ័យ ហើយត្រូវបានអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វធ្វើការបង្ក្រាបបាន នៅត្រង់ចំណុចច្រកព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៤:៤៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
ក្រោយពីឃាត់រថយន្តទាំង២គ្រឿងនេះ មន្ត្រីជំនាញ បានធ្វើការឆែកឆេរក្នុងរថយន្តបានរកឃើញសាច់សត្វជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ បន្ទាប់មក មន្ត្រីជំនាញ បានបញ្ជូនវត្ថុតាង និងបទល្មើសទាំងនោះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕