ដូចដែលបានដឹងហើយថា សព្វថ្ងៃនេះ គេសង្កេតឃើញថា មានបុគ្គលជាច្រើនដែលចេញមុខអះអាងថាខ្លួនគឺជាអ្នកជោគជ័យ បានចេញមុខបង្រៀនពីយុទ្ធសាស្រ្តអំពីភាពជោគជ័យ។ តែទោះយ៉ាងណា ការកើនឡើងនៃគ្រូជោគជ័យទាំងនោះ ហាក់ដល់វេលាដែលត្រូវរងព្រនង់ពីសំណាក់មហាជន ព្រោះថាពេលខ្លះស្តាប់ទៅវាហួសចិត្តខ្លាំងពេក ដោយក្នុងនោះ គ្រូខ្លះសូម្បីបានដាក់ការធានាថា ត្រឹម៩ខែ១១ថ្ងៃ នឹងទទួលបាន ១លានដុល្លារ ឬ ឆ្នាំ២០៣០ នឹងក្លាយជា Trillionaire ជាដើម។
យ៉ាងណាមិញ ក្រោយឃើញគ្រូៗទាំងនោះ បានចេញមកហាក់បំពុលសង្គមខ្លាំងពេក រហូតធ្វើឲ្យទស្សន៍មួយលើកយករឿងនេះមកពិភាក្សាក្នុងប្រធានបទថា តើវគ្គបង្រៀនមនុស្សឲ្យជោគជ័យ កំពុងពង្វក់យុវជនឲ្យស្រមើស្រម៉ៃខុសពីការពិត ឬយ៉ាងណា?។
ដោយឡែក ក្រឡេកមកមតិអ្នកប្រើប្រាស់បណ្តាញសង្គមវិញ គឺថាបាញ់ឲ្យគ្រូៗទាំងនោះកប់ថា «ពុទ្ធោ09ខែ១១ថ្ងៃ នឹងបាន១លានដុល្លារ, ក្លាហានឡើងបងប្អូន ស្អែកធ្វើសំណង់ធម្មតា ខិខិខិ»។ រីឯអ្នកខ្លះទៀត ហួសចិត្តខ្លាំងពេក ក៏ដៀលធ្លាយដល់បណ្ឌិតត្រឹមត្រូវឡើងបែបនេះថា «គ្មានណា ឆ្កួតដល់បណ្ឌិតស្រុកខ្មែរ និយាយត្រង់ ហើយបើនិយាយពីបុគ្គលជោគជ័យ ចង់ម៉ាចំហៀងប្រទេស»។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គ្រាន់តែឃើញពាក្យ «គ្មានណា ឆ្គួតដល់បណ្ឌិតស្រុកខ្មែរ…» ស្រាប់តែឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានចេញមុខប្រតិកម្មបែបនេះទៅវិញថា៖ «ខ្ញុំស្តាប់លោកគ្រូបង្រៀនជោគជ័យយូៗទៅ ស្រាប់តែមានអ្នកមកដៀលជារួមថា (គ្មានណា ឆ្គួតដល់បណ្ឌិតស្រុកខ្មែរ និយាយត្រង់) មិនគួរដៀលជារួមអីចឹងទេ វាធ្វេីអោយប៉ះពាល់ដល់បណ្ឌិតមែនទែន គេគ្មានអំនួតអីុចឹងទេ គួរតែកែសម្រួលវិញទៅ។ ចំពោះខ្ញុំនៅមិនទាន់បានឃេីញបុគ្គលណាម្នាក់ទទួលជោគជ័យនៅឡេីយទេ ឧទាហរណ៍ក្រុមខ្មែរក្រហម ចុងក្រោយត្រូវប្រមូលយកមកកាត់ទោស ប៊ិនឡាឌិនចុងក្រោយ អាមេរិកតាមប្រម៉ាញ់បាន សូមអភ័យទោសផង បេីមានការខុសឆ្គង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





