បាត់ដំបង ៖ មន្ត្រីបរិស្ថាន២នាក់ដែលបានយកកាំភ្លើងអាកា៤៧ បាញ់ ៤គ្រាប់ បំបែកកង់គោយន្ត របស់ប្រជាពលរដ្ឋម្នាក់ ពេលកំពុងដឹកឈើចេញពីក្នុងព្រៃសហគមន៍ នៅស្រុកសំឡូត ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញខេត្តបាត់ដំបង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យជាមន្ត្រីបរិស្ថានចំនួន២នាក់ ឈ្មោះ សុខ ទឿត ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិបរហុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងឈ្មោះ ដៀប សុមន្ថា ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លូន បាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចដកហូតបានអាវុធAKស្វ័យបត់១ដើម បង់១ មាន៥គ្រាប់ ។ ចំណែកជនរងគ្រោះឈ្មោះ ឌុច ភី ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត។
លោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធម៌ បញ្ជាក់ស្តីពីលទ្ធផលនៃការស្រាវជ្រាវករណីមន្ត្រីបរិស្ថានប្រើប្រាស់អាវុធ AK បាញ់កង់គោយន្តប្រជាពលរដ្ឋនៅស្រុកសំឡូត។ តាមពាក្យបណ្តឹងរបស់ឈ្មោះ ឌុច ភី ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ពីករណីមន្ត្រីបរិស្ថានបានប្រើប្រាស់កាំភ្លើងបាញ់ទៅលើកង់គោយន្តរបស់ជនរងគ្រោះ ចំនួន ៤គ្រាប់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ នៅចំណុចក្រោយបន្ទាយទាហានវរ៥២២ ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី។
សូមបញ្ជាក់ថា គោយន្តកន្ត្រៃដឹកអុសមួយគ្រឿង ត្រូវបានបើក រត់ចូលទៅក្នុងបន្ទាយយោធា នៃកងវរសេនាតូច ទាំងកង់បែកទាំងសងខាង បន្ទាប់ពីម្ចាស់គោយន្តនេះបានបើកចេញពីព្រៃ ដោយមានទាំងដឹកឈើអុសមកជាមួយផងនោះ ហើយត្រូវ កម្លាំងមន្ត្រីបរិស្ថាន កាក់មិនឈប់ ទើបមានការផ្ទុះអាវុធជាច្រើនគ្រាប់តែម្តង ។ ករណីផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រោយបន្ទាយ នៃកងវរសេនាតូច៥២២ ស្ថិតក្នុងភូមិកណ្តាលឃុំស៊ុង ស្រុក សំឡូត ខេត្តបាត់ដំបង ដែលការផ្ទុះអាវុធនេះ គឺដោយសារមានការកាក់គោយន្តកន្ត្រៃ ពីសំណាក់មន្ត្រីបរិស្ថាន(MJP)ចំនួន ៤រូប ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថ បាន បញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានគោយន្តដឹកអុស មួយគ្រឿងរបស់ប្រជាពលរដ្ឋឈ្មោះ ឌុច ភី បានដឹកឈើអុសចេញពីព្រៃ ហើយក៏ស្រាប់តែមានមន្ត្រីបរិស្ថាន ចំនួន៤នាក់ បានកាក់គោយន្តនោះឲ្យឈប់ ប៉ុន្តែដោយសារគោយន្តនៅតែបន្តដំណើរទៅមុខមិនព្រមឈប់ ទើប ប្រជាពលរដ្ឋម្នាក់ ដែលជាប្រជាជន នៅក្នុងសហគមន៍ ដែលដើរជាមួយនឹងក្រុមបរិស្ថាន បានឆក់អាវុធAK ពី មន្ត្រីនោះហើយបាន បាញ់ឡើងទៅលើ១គ្រាប់ និងបាញ់ចំកង់ ៣គ្រាប់ បណ្តាលឲ្យបែកកង់ខាងក្រោយរ៉ឺម៉កគោយន្ត ទាំងសងខាង ។
ភ្លាមៗនោះដែរម្ចាស់គោយន្តបានបន្ថែមល្បឿនចូលទៅក្នុង បន្ទាយវរសេនាតូចលេខ៥២២ បន្ទាប់មកខាងមន្ត្រីMJPដែល បាននាំគ្នាចូលទៅសាកសួររឿងហេតុដល់ក្នុងបន្ទាយ ដោយឡែកបន្ទាប់ពីធ្វើការស្រាវជ្រាវ អាវុធគឺជារបស់ប៉ូលិសវរៈការពារព្រំដែន៨១០ ខេត្តប៉ៃលិន ។
លោក ប៊ូ ស៊ីណា ប្រធានអង្គការ MJP បានបញ្ជាក់ថា ក្នុងរឿងនេះ ដោយសារតែប្រជាពលរដ្ឋក្នុងព្រៃសហគមន៍ បានមកពឹងពាក់ឲ្យក្រុមរបស់លោក ជួយទប់ស្កាត់បទល្មើសព្រៃឈើ ដែលមានប្រជាពលរដ្ឋ កំពុងធ្វើសកម្មភាពអារនៅក្នុងព្រៃ គឺនៅពេលទៅដល់ឃើញមានការអារឈើមែន ទើបកម្លាំងបានតាមស្ទាក់គោយន្ត ដើម្បីត្រួតពិនិត្យ ប៉ុន្តែកាក់មិនឈប់សោះ ទើបមានការផ្ទុះអាវុធ ដើម្បីឲ្យគេបញ្ឈប់យាន តែទីបំផុតគេ នៅតែព្យាយាមបើករត់ចូលទៅក្នុងបន្ទាយយោធាបាត់តែម្តង ៕ ដោយ ៖ បញ្ញាស័ក្តិ