ខេត្តមណ្ឌលគិរី ៖ សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី ដែលទើបបង្កើតឡើងមានរយៈពេលជិត ១ឆ្នាំ បានទទួលភាពជោគជ័យ ក្នុងការស្វែងរកដៃគូបញ្ជាទិញទិន្នផលម្រេចគ្មានជាតិគីមី របស់ខេត្តមណ្ឌលគិរី ទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិច និងសហគមន៍អ៊ឺរ៉ុប។ សម្រាប់សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី ត្រូវបានក្រុមហ៊ុនស៊ិកនេតឈ័រ អហ្វ អេស៊ា នេះ (Signatures of Asia) ចុះកុងត្រាទទួលទិញម្រេចធ្វើការនាំចេញ ដោយពិធីនេះបានធ្វើឡើងនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា ការបង្កើតសហគមន៍ កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរីនេះឡើង ទើបតែមានរយៈពេលជិត១ឆ្នាំប៉ុណ្ណោះ តែអាចរកទីផ្សារ និងចំណូលឲ្យសមាជិកបាន ហើយអាចឈានដល់ការធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនស៊ិកនេតឈ័រ អហ្វ អេស៊ា ដ៏ធំមួយទៀត។ លោកឲ្យដឹងទៀតថា មុនឈានដល់ការចុះកិច្ចព្រមព្រៀងទទួលទិញម្រេចពីសហគមន៍ម្រេចខេត្តមណ្ឌលគិរី ទៅកាន់ទីផ្សារអន្តរជាតិ គឺក្រុមហ៊ុន Signatures of Asia បានធ្វើការពិសោធន៍យ៉ាងល្អិនល្អន់ពីគុណភាព របស់ម្រេចមណ្ឌលគិរី ដើម្បីស្របតាមតម្រូវការទីផ្សារអន្តរជាតិ ដោយទិន្នផលម្រេចសរីរាង្គទាំងនេះ ត្រូវមាន ដង់ស៊ីតេដែលស្មើ ឬលើសពី ៥០០ ក្រាម ក្នុងមួយលីត្រ សំណើមម្រេចសរីរាង្គយ៉ាងខ្ពស់ បំផុតត្រឹម ១២% សម្រាមឬកំទេចកំទីក្នុងម្រេចសរីរាង្គយ៉ាងខ្ពស់បំផុតត្រឹម ០.៥% និងហាមដាច់ខាតការប្រើជីគីមីលើដំណាំ ម្រេចក្នុងសហគមន៍។
លោក សុង ឃាង បន្ថែមថា ចំពោះតម្លៃក្នុងការបញ្ជាទិញទិន្នផលម្រេចសរីរាង្គពីសហគមន៍កសិកម្មម្រេចសរីរាង្គ ខេត្តមណ្ឌលគិរី គឺមានការវាយតម្លៃយ៉ាងច្បាស់លាស់លើទីផ្សារឡើង ឬចុះ ប៉ុន្តែម្រេចសរីរាង្គ របស់សហគមន៍នឹងមានតម្លៃលើស ទីផ្សារ ៦០០០៛ ក្នុង១គីឡូក្រាម។ ហើយក្រុមហ៊ុន Signatures of Asia បានព្រមព្រៀងក្នុងទទួលទិញទិន្នផលម្រេចពីសហគមន៍ កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី លើផ្ទៃដី៦០ហិកតា។ ចំណែកទិន្នផលដែលអាចនាំចេញទៅក្រៅប្រទេស អាចសម្រេចបានយ៉ាងតិច១២០ ទៅ១៣០តោន ក្នុង១ឆ្នាំ ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បញ្ជាក់ថា ក្រុមហ៊ុន Signatures of Asia ទទួលទិញ សម្រាប់តែទិន្នផលម្រេចសរីរាង្គ របស់សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី ដែលមានបច្ចេកទេសដាំដុះ ស្របតាមល័ក្ខខណ្ឌ របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ ហើយបច្ចុប្បន្នសហគមន៍កសិកម្មនៅខេត្តមណ្ឌលគិរី មានចំនួន២ ទី១ សហគមន៍កសិកម្ម កាហ្វេ-ម្រេច មណ្ឌលគិរី និងទី២ គឺសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី។ ជាមួយគ្នានេះដែរ នៅក្នុងខេត្តមណ្ឌលគិរី ឆ្នាំ២០១៨នេះ មានផ្ទៃដីដាំដុះម្រេចចំនួន ១២៣១ ហិកតា កើនឡើង ៥២៩ហិកតា បើធៀប ឆ្នាំ២០១៧ ។
លោក ច័ន្ទ ពេជ្រ អ្នកគ្រប់គ្រង់ទូទៅក្រុមហ៊ុនស៊ិកនេតឈ័រ អហ្វ អេស៊ា បានឲ្យដឹងដែរថា ក្រុមហ៊ុន ស៊ិកនេតឈ័រ អហ្វ អេស៊ា ជាក្រុមហ៊ុនថ្មីមួយ បង្កើតឡើងក្នុងឆ្នាំ២០០៧ ដែលជាក្រុមហ៊ុនកែច្នៃ និងនាំចេញស្រូវអង្គរទៅទីផ្សារអន្តរជាតិ។ ហើយ បច្ចុប្បន្នក្រុមហ៊ុននេះ បានចុះហត្ថលេខា ជាមួយសហគមន៍ម្រេចសរីរាង្គមណ្ឌលគិរី ដើម្បីទទួលទិញម្រេចយ៉ាងតិច ១២០តោន ក្នុងឆ្នាំ ២០១៨នេះ នាំទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។ លោកក៏បានសំណូមពរដល់កសិករ ដែលជាសមាជិក របស់សហគមន៍ម្រេច ខេត្តមណ្ឌលគិរី ជួយធ្វើយ៉ាងណាផលិតម្រេចសរីរាង្គឲ្យឆ្លើយតបជាមួយស្តង់ដារសរីរាង្គសហគមន៍អ៊ឺរ៉ុប នឹងសហរដ្ឋអាមេរិក ដើម្បីឲ្យម្រេច សរីរាង្គមណ្ឌលគិរី មានគុណភាពខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងទីផ្សារសកលលោក ដើម្បីអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់ទៅលើទីផ្សារអន្តរជាតិកើន ឡើងជាលំដាប់នៅថ្ងៃខាងមុខទៀត៕ ដោយ៖ សមុទ្រឈើ