ភ្នំពេញ៖ នៅក្នុងពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៃក្រុមហ៊ុន Telcotech (Ezecom) របស់អ្នកឧកញ៉ា គិត ម៉េង តាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយតករមូលបត្រកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១នេះ ចំនួនសាច់ប្រាក់ប្រមូលបានពីការបោះផ្សាយលក់មូលបត្របំណុល បានកើនដល់ ១៦៣លានដុល្លារ ដែលចំនួននេះ ក៏រាប់បញ្ចូលទាំងក្រុមហ៊ុន Telcotech (Ezecom) ដែលទើបតែបានចុះបញ្ជីជាផ្លូវការនាពេលថ្មីៗផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ បានចាត់ទុកការចុះបញ្ជីលក់មូលបត្របំណុលរបស់ Telcotech (Ezecom) បង្ហាញពីការ វិវឌ្ឍថ្មីមួយទៀត ដែលទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលទី៧ នៅក្នុងទីផ្សារមូលបត្រកម្ពុជា និងត្រូវជាជាក្រុមហ៊ុនទី១៥ ដែលបានចុះបញ្ជីលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា។
លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានអបអរសាទរចំពោះក្រុមហ៊ុន Telcotech របស់អ្នកឧកញ៉ា គិត ម៉េង ដែលបានសម្រេចជោគជ័យ ក្នុងការបោះផ្សាយ និងចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មមានបុគ្គលធានា ដែលមានទំហំសរុបចំនួន ៨០ប៊ីលានរៀល ឬស្មើនិងប្រមាណ២០លានដុល្លារអាមេរិក ដែលនេះជាសញ្ញាបណ្ណសាជីវកម្មទី២ ដែលបោះផ្សាយដោយក្រុមហ៊ុនឯកជន មិនមែនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុន Telcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិត ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។
អ្នកឧកញ៉ាបន្ថែមថា ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឲ្យយើង បន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។
ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ បានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមទៀត លើប្រព័ន្ធអេកូឡូស៊ីឌីជីថល របស់កម្ពុជា ហើយក្រុមហ៊ុននឹងដើរតួនាទីដ៏សំខាន់មួយ ក្នុងឌីជីថលូបនីយកម្មរបស់កម្ពុជា បន្តធ្វើកិច្ចការទាំងនេះ ឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។
សូមជម្រាបថា មូលបត្របំណុលតម្លៃ ២០លានដុល្លារ ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom/Telcotech នេះ ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារ ធានាឥណទាន Credit Guarantee and Investment Facility (CGIF) ដែលបង្កើតឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន៕