ភ្នំពេញ ៖ ផលិតផលក្លែងក្លាយខុសច្បាប់ ជាង៦០តោន ដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ក្រាប និងរឹបអូស ពីជនល្មើស ដែលចរាចរ ស្ដុកទុក ផលិត និងចែកចាយខុសច្បាប់ នាពេលកន្លងមកត្រូវបានសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដុតកម្ទេចចោល នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ នៅបរិវេណជាប់នឹងសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានឲ្យដឹងថា ពិធីកិនកម្ទេច ចោលនាពេលនេះ មានផលិតផលគ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ចម្រុះជាច្រើនមុខ រួមមាន៖ ថ្នាំលាបសក់ ថ្នាំអប់សក់ សាប៊ូលាងមុខ សាប៊ូកក់សក់ ម្សៅលាបមុខ ឡេលាបស្បែក ក្រេមលាបមាត់ ស្ប៉ាយបាញ់សក់ ទឹកអប់ ជាដើម ដែលមានចំនួនផលិតផលក្លែងក្លាយខុសច្បាប់ជាង ៦០ តោន ត្រូវបានកម្ទេចនាពេលនេះ គឺជាឆន្ទៈនៃការខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុមសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបានបង្ក្រាប រឹបអូសពីជនល្មើសបានចរាចរ ស្តុកទុក និងចែកចាយ ចំនួន ៣ ទីតាំង គឺក្នុងរាជធានីភ្នំពេញ ១ ទីតាំង និងខេត្តកណ្តាល ចំនួន ២ ទីតាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ កន្លងមក និងអនុវត្តតាមការបង្គាប់របស់តុលាការ។ បន្ទាប់ពីចាប់ឃាត់ គណៈកម្មាធិការ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី រហូតទទួលបានការសម្រេចពីតុលាការ ផ្តន្ទាទោសជនល្មើសចំនួន ៣ នាក់ ដោយម្នាក់ៗ ជាប់ពន្ធនាគារ ១ ឆ្នាំ ។
លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បញ្ជាក់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ពីបណ្តាសមត្ថកិច្ចអ្នកអនុវត្តន៍ច្បាប់ បានខិតខំយ៉ាណាក៏ដោយ ក៏ជនល្មើសនៅតែព្យាយាមបន្តប្រព្រឹត្ត ពីព្រោះថា ផ្អែកតាមការស្រាវជ្រាវពីសំណាក់អង្គការអន្តរជាតិនានា បានបង្ហាញថា ឧក្រិដ្ឋជនដែលចរាចរ ចែកចាយ លើផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ ដូចជា បារី សុរា ឱសថក្លែងក្លាយ និងគ្រឿងសម្អាងក្លែងក្លាយ ជាដើម គេនឹងទទួលបានប្រាក់ចំណេញរាប់រយដង បើប្រៀបធៀបនឹងបទល្មើសដទៃទៀត ហើយចំពោះការដាក់ទោសទណ្ឌទៀតសោត នៅមានកម្រិតស្រាលនៅឡើយ។
សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយតម្កល់ផលប្រយោជន៍ជាតិសុខុមាលភាពប្រជាពលរដ្ឋ និងសុវតិ្ថភាពអ្នកប្រើប្រាស់ជាធំ។ សម្តេចក្រឡាហោម បានអំពាវនាវដល់សាធារណជន មេត្តាចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិត ចែកចាយ ផលិតផលក្លែងក្លាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម៕ ដោយ ៖ បញ្ញាស័ក្តិ