គូស្នេហ៍មួយគូបានស្រលាញ់គ្នាចិត្តនិងចិត្ត រួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ អស់រយៈពេល១១ខែទៅហេីយ ដោយញាតិខាងជាប់បន្ទប់ដឹងឮគ្រប់ៗគ្នា ស្រាប់តែទីបំផុត ពៅព្រលឹងប្តឹងប្រុសបងចូលប៉ុស្តិ៍ ចោទពីបទចា.ប់រំ.លោ.ភ ទៅវិញ។
បុរសម្នាក់ បានត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយនារីម្នាក់បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដោយរូបគេថាបានចាប់រំលោភនាង។
ខាងប្រុសមានឈ្មោះ ថោង សុថា អាយុ ២៦ ឆ្នាំខណៈខាងស្រីមានឈ្មោះ ញ.ស.ភ អាយុ ២៥ ឆ្នាំ។ អ្នកទាំងពីរ ត្រូវបានដឹងថា បានរួមរស់ជាមួយគ្នាប្រៀបដូចប្តីប្រពន្ធ មានរយៈពេលប្រមាណ ១១ ខែ មកហើយ។
បើតាមភាគីខាងប្រុស បានប្រាប់ឲ្យដឹងថា ខ្លួននិងសង្សារ បានស្រឡាញ់គ្នាចិត្តនិងចិត្ត ដោយយល់ព្រមរួមរស់ក្រោមដំបូលបន្ទប់ផ្ទះជួលជាមួយ ដូចប្តីប្រពន្ធទៅហើយ តែមិនទាន់បានរៀបការនោះទេ ហើយកាលពីពេលកន្លងទៅនេះ រូបគេក៏បានសុំនារីជាសង្សាររៀបការតាមប្រពៃណី តែភាគីខាងស្រីមិនព្រម។ ខាងប្រុសបន្តថា ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ នារីជាសង្សារហាក់ប្លែក ដោយបានបាត់ខ្លួនមិនដឹងទៅណាទេ តែពេលរូបគេខលសួរ នារីជាសង្សារបានប្រាប់ថា នៅដេកផ្ទះមីង។
តែទោះយ៉ាងណា នៅពេលរូបគេខលសួរ មីងខាងស្រីប្រាប់ថា ក្មួយស្រីរបស់គាត់ពុំបានមកដេកផ្ទះគាត់ទេ។ ដោយមានការខឹងសម្បារខ្លាំង រូបគេក៏បានទៅដល់រោងចក្រ ហៅមកបន្ទប់ជួលដេីម្បីសួរនាំ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ ខណៈមកដល់បន្ទប់ជួល ទាញដៃចូលក្នុងដើម្បីនិយាយគ្នាឲ្យដឹងរឿងច្បាស់ ស្រាប់តែនារីជាសង្សារ បានចោទរូបគេថាបានចាប់រំលោភទៅវិញ និងរត់ទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។
ទាក់ទងបញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចនឹងជួយធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅ ដើម្បីកុំឲ្យពាក្យ «ប្រុសប្រកែក ស្រីប្រកាន់» នាំឲ្យភាគីម្ខាងៗរងទុក្ខដោយការចោទចាប់រំលោភ ដោយមិនសមហេតុផល ឬជាការពិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



