ទំនាស់បានបន្តផ្ទុះឡើងរវាងលោកលី សៀនឡុង ជាមួយបងប្អូនប្រុសស្រី ២នាក់ ជុំវិញវិធីអនុវត្តបណ្តាំរបស់ឪពុកពួកគេ។
នាយករដ្ឋមន្ត្រីសិង្ហបុរីលី សៀនឡុង (ឆ្វេង) និងបងប្អូនប្រុសស្រី២នាក់
ជម្លោះរវាងនាយរដ្ឋមន្ត្រីសិង្ហបុរីលី សៀនឡុង និងបងប្អូន ២នាក់ កាន់តែតានតឹងឡើងបន្ទាប់ពីគណៈកម្មាធិការមួយរបស់រដ្ឋាភិបាលបានលើកឡើងនូវគ្រោងការដោះស្រាយបញ្ហាផ្ទះរបស់ឪពុកពួកគេគឺអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាងយូ ។
ផ្ទះដែលមានអាយុជាង ១០០ឆ្នាំនេះ គឺជាកន្លែងដែលលោកលី ក្វាងយូ ធ្លាប់បានរស់នៅ ។ ក្នុងបណ្តាំមរតកលោកបានផ្តាំឲ្យកូនៗត្រូវបំផ្លាញផ្ទះនេះចោលភ្លាមបន្ទាប់ពីលោកស្លាប់ទៅ ក្នុងគោលបំណងបញ្ចៀសការប្រែក្លាយផ្ទះនេះ ឲ្យទៅជាទីគោរពបូជាបុគ្គល។ ប៉ុន្តែលោក
Li Hsuan និងអ្នកស្រី Li Wong ដែលជាបងប្អូនប្រុសស្រីរបស់លោកលី សៀនឡុង បានចោទប្រកាន់នាយករដ្ឋមន្ត្រីសិង្ហបុរីថា បានរារាំងការអនុវត្តបណ្តាំសំដៅបម្រើឲ្យគោលបំណងនយោបាយ ។
គណៈកម្មការរដ្ឋាភិបាលសិង្ហបុរី បានលើកឡើងគម្រោងការដោះស្រាយចំនួន ៣ កាលពីថ្ងៃទី ២ មេសា រួមមាន ៖ អភិរក្សផ្ទះនេះ ចាត់ទុកជានិមិត្តរូបជាតិ កម្ទេចចោលទាំងស្រុងដើម្បីអភិវឌ្ឍន៍ឡើងវិញ ឬរើរុះកន្លែងខ្លះដោយរក្សាទុកនូវផ្នែកដែលមានតម្លៃប្រវត្តិសាស្ត្រ ។ គណៈកម្មាធិការនេះប្រកាសថា ជោគវាសនាផ្ទះនេះនឹងត្រូវបានសម្រេចដោយរដ្ឋាភិបាលអនាគត ។
ផ្ទះរបស់អតីតនាយករដ្ឋមន្ត្រី លី ក្វាងយូ
បងប្អូនទាំងពីរនាក់របស់នាយករដ្ឋមន្ត្រី លី សៀនឡុង អះអាងថា ដំណោះស្រាយអភិរក្សគឺដើរផ្ទុយនឹងបណ្តាំរបស់ឪពុកពួកគេ អ្នកស្រី Li Wong បានពោលថា ៖ ឪពុកម្តាយខ្ញុំចង់ឲ្យកម្ទេចវាចោលបន្ទាប់ពីពួកគាត់ទទួលមរណភាព។ ចំណែកលោក Li Hsu វិញប្រកាសថា ការសម្រេចបែបនេះរបស់គណៈកម្មាធិការរបស់រដ្ឋាភិបាល គឺពុំបង្ហាញថា បានបំពេញបំណងប្រាថ្នាចុងក្រោយរបស់អតីតនាយករដ្ឋមន្ត្រីលី ក្វាងយូ ។
ចំណែកនាយករដ្ឋមន្ត្រីសិង្ហបុរីកំពុងកាន់អំណាចលី សៀនឡុង ដែលត្រូវជាកូនរបស់លោក លី ក្វាងយូ ផងនោះ លោកទទួលយកការសម្រេចចិត្តរបស់គណៈកម្មាធិការរដ្ឋាភិបាល ព្រមទាំងបដិសេធរាល់ការចោទប្រកាន់របស់ប្អូនប្រុសស្រីលោកទាំងពីរ ។
លោកលី ក្វាងយូ គឺជានាយករដ្ឋមន្ត្រីដំបូងរបស់សិង្ហបុរី ហើយបានដឹកនាំប្រទេសនេះពីឆ្នាំ ១៩៥៩-១៩៩០ ។ លោកត្រូវបានគេគោរព និងស្ងើចសរសើរថា បានប្រែក្លាយសិង្ហបុរីពីអាណានិគមដ៏ក្រីក្ររបស់អង់គ្លេស ទៅជាសង្គមមួយរីកចម្រើន ស្ថិរភាពបំផុតពិភពលោក។
លោកលី សៀនឡុង គឺជានាយករដ្ឋមន្ត្រីទី ៣ របស់សិង្ហបុរី ហើយក៏ជាកូនច្បងរបស់លោកលី ក្វាងយូ ៕ សូយន