រដ្ឋធានីកាប៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានអាហ្វហ្គានីស្ថាន Khaama បានរាយការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា តាលីបង់ បានអះអាងពីការរកឃើញលុយសុទ្ធ ប្រហែល៦លានដុល្លារ និង ដុំមាសយ៉ាងតិច១៥ដុំ នៅក្នុងផ្ទះរបស់លោក Amrullah Saleh អតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន។

ទីភ្នាក់ងារសារព័ត៌មានអាហ្វហ្គានីស្ថាន បានចែករំលែងវីដេអូមួយ នៅតាមបណ្ដាសង្គម ដោយបង្ហាញពីសកម្មភាពរបស់កងជីវពលតាលីបង់ កំពុងបង្ហាញទ្រព្យសម្បត្ដិ ដែលបានរកឃើញ នៅក្នុងលំនៅឋានរបស់លោក Amrullah Saleh អតីតអនុប្រធានាធិបតី នៅរដ្ឋាភិបាលរបស់លោក Ashraf Ghani ដែលត្រូវផ្ដួលរលំនោះ។
ប្រភពព័ត៌មាន បានប្រាប់ដល់សារព័ត៌មាន Sputnik ថា ទ្រព្យសម្បត្ដិដ៏ច្រើននេះ ត្រូវបានគេអះអាងថា ស្ថិតក្នុងផ្ទះរបស់អតីតអនុប្រធានាធិបតី នៅក្នុងរដ្ឋាភិបាលរបស់លោក Ashraf Ghani ដែលត្រូវបានតាលីបង់ ផ្ដួលរំលំ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ ក្រោយការដូលរលំរដ្ឋាភិបាលនោះមក លោក Saleh បានរត់គេចខ្លួនទៅកាន់ជ្រលងភ្នំផេនសៀរ ដើម្បីចូលរួមចលនាតស៊ូ NRF ជាមួយនឹងលោក Ahmad Massoud។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ លោក សាឡេហ៍ ក៏ដូចជា សមាជិកក្រុមចលនាតស៊ូ ប្រឆាំងនឹងតាលីបង់ នៅមិនទាន់បានឆ្លើយតប ចំពោះការអះអាងរបស់តាលីបង់នេះឡើយ៕ រក្សាសិទ្ធិដោយ៖សារាយSN




