Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រាស​ចំនួន ១៩ ទទួល​ជ័យលាភី​ជា​សហគ្រាស​អនុវត្តតាម​គោលការណ៍​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន​ល្អ និង​ល្អឥតខ្ចោះ​

spot_img

​សៀមរាប ៖ គណៈកម្មការ​សម្របសម្រួល​នៃ​បណ្តាញ​សុខភាព និង​សុវត្ថិភាព​ការងារ (ASEAN-OSHNET) បាន​ពិនិត្យ ដោយ​ផ្អែក​លើ​ឯកសារ​លក្ខខណ្ឌ​វិនិច្ឆ័យ របស់​អាស៊ាន​អូស្ហ​ណេ​តដែល​មាន​សហគ្រាស​ចំនួន ១៩ មកពី​ប្រទេស​អាស៊ាន ចំនួន ៩ (​កម្ពុជា​មាន​២​សហគ្រាស​) បាន​ទទួល​ជ័យលាភី​ជា​សហគ្រាស​អនុវត្តតាម​គោលការណ៍​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន​បាន​ល្អ និង​ល្អឥតខ្ចោះ​។​

​ពិធី​ផ្តល់​ពានរង្វាន់​របស់​បណ្តាញ​សុខភាព និង​សុវត្ថិភាព​ការងារ​ដល់​សហគ្រាស​ដែល​មាន​ស្នាដៃ​ល្អ និង​ល្អឥតខ្ចោះ ជា​កម្មវិធី​មួយ​ដែល​រៀបចំឡើង​ដោយ​ប្រទេស​សមាជិក​អាស៊ាន​អូស្ហ​ណេតជា​រៀងរាល់ ២​ឆ្នាំ​ម្តង ក្នុង​គោលបំណង ដើម្បី​បង្ហាញ​ការទទួលស្គាល់ និង​ផ្តល់​រង្វាន់​ដល់​សហគ្រាស ដែល​មាន​សមិទ្ធផល​ការងារ​ដ៏​ល្អប្រសើរ​លើ​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ និង​ជំរុញ​ឱ្យមាន​ការរីកចម្រើន​បន្ថែមទៀត លើ​វិស័យ​សុខភាព និង​សុវត្ថិភាព​ការងារ ដែល​នឹង​រួមចំណែក​បង្កើត​រូបភាព​ជា​វេជ្ជ​មាន​សម្រាប់​អាស៊ាន ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​កាន់តែច្រើន​។​

​ពិធី​ផ្តល់​ពានរង្វាន់​ដល់​សហគ្រាស​នេះ ផ្អែក​លើ​ឯកសារ​លក្ខណៈវិនិច្ឆ័យ​ដែល​អនុម័ត ដោយ​អាស៊ាន​អូស្ហ​ណេត និង​ឆ្លងកាត់​ការជ្រើសរើស​ដោយ​ប្រទេស​សមាជិក​អាស៊ាន ដែល​សហគ្រាស គ្រឹះស្ថាន​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូចខាងក្រោម​៖
​មាន​ប្រព័ន្ធ​គ្រប់គ្រង​សុខភាព និង​សុវត្ថិភាព​ការងារ (​ការគ្រប់គ្រង​គ្រោះថ្នាក់​ការងារ​ដោយ​គ្មាន​គ្រោះថ្នាក់​ការងារ និង​ស្លាប់​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​)​។ មាន​កម្មវិធី​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​។ អនុវត្តន៍​តាម​ច្បាប់​ស្តីពី​ការងារ និង​បទ​ប្បញ្ញ​តិ្ត​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន (​គ្មាន​ការផាកពិន័យ​ដោយ​តុលាការ ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​)​។ មាន​ភាពប្រាកដប្រជា និង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង ព្រមទាំង​មាន​ការចូលរួម​របស់​កម្មករ​និយោជិត​។ ការបន្ថែម​ម៉ោង​ធ្វើការ​ប្រកបដោយ​និរន្តរភាព (​ត្រូវមាន​គម្រាង និង​ផែនការ​ច្បាស់លាស់​ក្នុង​ការបន្ថែម​ម៉ោង​ធ្វើការ​) និង ការផ្លាស់​ប៉ុស្តិ៍​ការងារ (​ការផ្តល់​ព័ត៌មាន​អំពី​សក្តានុពល​ភាព​នៃ​ប៉ុស្តិ៍​ការងារ​ថ្មី បរិយាកាស​ការងារ និង​ការទទួលខុសត្រូវ​)​។​

​ប្រទេស​នីមួយៗ នៃ​សមាជិក​អាស៊ាន​ទទួលបាន​ពានរង្វាន់​ចំនួន​២​ជ័យលាភី គឺ ជ័យលាភី​ទី​១៖ ផ្តល់ជូន​ដល់​សហគ្រាស ដែល​មាន​ស្នាដៃ​ល្អ និង​ជ័យលាភី​ទី​២៖ ផ្តល់ជូន​ដល់​សហគ្រាស ដែល​មាន​ស្នាដៃ​ល្អឥតខ្ចោះ ក្នុង​ការអនុវត្ត​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ​។​

​នេះ​ជា​លើក​ទី​២​ហើយ ដែល​ពិធី​ផ្តល់​ពានរង្វាន់​របស់​បណ្តាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន ដល់​សហគ្រាស ដែល​មាន​ស្នាដៃ​ល្អ និង​ល្អឥតខ្ចោះ​ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​នា​រសៀល​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប ដោយ​មាន​សហគ្រាស​ដែល​ទទួល​ជ័យលាភី​សរុប​ចំនួន​១៩ មកពី​បណ្តា​ប្រទេស​អាស៊ាន រួម​ទាំង​សហគ្រាស​ចំនូ​ន​២ តំណាង​ប្រទេស​កម្ពុជា និង​មាន​អ្នកចូលរួម​ក្នុង​កម្មវិធី​សរុប​ចំនួន​ជាង ១០០​នាក់ ដែល​តួលេខ​នេះ មាន​ការកើនឡើង​បើ​ធៀប​នឹង​ពិធី​ផ្តល់​ពានរង្វាន់​លើក​ទី​១ នៅ​ប្រទេស​វៀតណាម​។​

​លោក Dato’ Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា សុខភាព និង​សុវត្ថិភាព​ការងារ ត្រូវបាន​លើកកម្ពស់​នៅក្នុង​ប្រទេស​អាស៊ាន ក៏ដូចជា​កម្មករ​និយោជិត​អាស៊ាន​ផងដែរ ក្នុងនោះ លោក​អគ្គលេខាធិការ​អា​ស៊ាន បានលើកឡើង​អំពី​សមិទ្ធផល​ការងារ​របស់​បណ្តាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន (ASEAN-OSHNET) កន្លងមក ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​សមាជិក​អាស៊ាន​អូស្ហ​ណេត បាន​បន្ត​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ការអនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ដែល​ចុះហត្ថលេខា ដោយ​រដ្ឋ​មន្ត្រី​ខាង​ការងារ​អាស៊ាន ដើម្បី​ជំរុញ​វិស័យ​សុខភាព និង​សុវត្ថិភាព​ការងារ​នៅក្នុង​តំបន់​។​

​នា​ឱកាស​ពិធី​ផ្តល់​ពានរង្វាន់​លើក​ទី​២ នៃ​បណ្តាញ​សុខភាព និង​សុវត្ថិភាព​នេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ថ្ងៃនេះ​ជា​គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​មួយទៀត​របស់​សមាជិក​អាស៊ាន ដែល​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការការពារ​សុខភាព និង​សុវត្ថិភាព​ការងារ​របស់​កម្មករ​និយោជិត​នៅ​កន្លែងធ្វើការ និង​ជា​ឱកាស​ល្អ​ក្នុង​ការផ្តល់​ពានរង្វាន់​ដល់​សហគ្រាស គ្រឹះស្ថាន​ដែល​បាន​អនុវត្ត​ល្អ និង​ល្អឥតខ្ចោះ ដើម្បី​លើកកម្ពស់​និង​បន្ត​និរន្តរភាព នៃ​ការអនុវត្ត​សុវត្ថិភាព​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​នាពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា “​យើង​ទាំងអស់គ្នា​ត្រូវ​ទទួលស្គាល់ថា​សុខភាព និង​សុវត្ថិភាព​ការងារ បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការលើកកម្ពស់​សុខុមាលភាព​របស់ក​ម្មករ​និយោជិត កំណើន​ផលិតកម្ម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ព្រមទាំង​បង្កើត​នូវ​កេរ្តិ៍ឈ្មោះ​របស់​សហគ្រាស គ្រឹះស្ថាន​ផងដែរ​។ ចំណុច​នេះ លោក​រដ្ឋមន្ត្រី សូម​រំលឹក​ដល់​អង្គពិធី​ទាំងមូល​ថា សុខភាព និង​សុវត្ថិភាព​ការងារ គឺ​មិន​អាច​ចរចា​បានទេ ដែល​យើងទាំងអស់គ្នា​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ និង​ធានាឲ្យបាន​នូវ សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ​” ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×