Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឲ្យ​សិស្ស​ត្រូវ​តែ​ដើរ​ឲ្យទាន់​សម័យកាល តាម​បច្ចេកវិទ្យា​និង​ព័ត៌មានវិទ្យា​

​ភ្នំពេញ​ ៖ ស្របពេល​ដែល​បច្ចេកវិទ្យា​និង​ព័ត៌មានវិទ្យា​មាន​ការអភិវឌ្ឍ​ខ្លាំង លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ឲ្យ​សិស្សានុសិស្ស​ត្រូវតែដើរ​ឲ្យទាន់​សម័យកាល និង​ត្រូវ​ប្រុងប្រយ័ត្ន ដោយហេតុ​ថា ប្រព័ន្ធ​ព័ត៌មានវិទ្យា បើ​ប្រើប្រាស់​មិន​ចំ​គោលដៅ​ក្នុង​ការសិក្សា វា​នឹង​ក្លាយ​ជា​អាវុធ​មុខ​ពីរ​។​

​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា កសាង​បណ្ណាល័យ​គុណ​គ្រូ ស្ថិត​នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ព្រៃទទឹង គឺ​ស្ថិតនៅ​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​៣ ខែ​មេសា ឆ្នាំ ២០១៨​នេះ លោក គួច ចំរើន បាន​មានប្រសាសន៍​លើកឡើងថា ពិត​ណាស់​នៅ​ទីនេះ យើង​មាន​វិទ្យាល័យ តែ​យើង​ត្រូវការ​ចាំបាច់​ណាស់ ក្នុង​ការស្រាវជ្រាវ​បន្ថែមទៀត ដូចនេះ​បណ្ណាល័យ គឺជា​រឿង​ចាំបាច់​ណាស់ សម្រាប់​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ដើម្បី​ស្រាវជ្រាវ​និង​សិក្សា​។ លោក​បន្តថា បច្ចុប្បន្ន​នេះ​ប្រទេសជាតិ កំពុងតែ​មាន​ការអភិវឌ្ឍ​ជឿនលឿន​ទៅ​មុខ ដូច្នេះ​បញ្ហា​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា សិស្សានុសិស្ស ត្រូវតែដើរ​ឲ្យទាន់​សម័យកាល តែ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​ប្រព័ន្ធ​ព័ត៌មានវិទ្យា គឺ​ត្រូវ​ប្រើ​ឲ្យចំ​គោលដៅ​ក្នុង​ការសិក្សា ចៀសវាង​កុំឲ្យ​ក្លាយ​ជា​អាវុធ​មុខ​ពីរ​។​

​ក្នុងឱកាស​នោះ លោក គួច ចំរើន ក៏​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការសិក្សា និង​ស្រាវជ្រាវ​បន្ថែម តាម​បណ្ណាល័យ និង​ព័ត៌មានវិទ្យា ព្រមទាំង​ត្រូវ​ចូលរួម​អនុ​វត្គ​ន៍ គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ ដោយ​ត្រូវ​ពាក់មួក​សុវត្ថិភាព បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់ ដើម្បី​ចៀសវាង ដោយ​គ្រោះថ្នាក់​ចរាចរ​ដោយ​ប្រការ​ណាមួយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×