ស្វាយរៀង ៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៤ខែមេសាឆ្នាំ២១០៨នេះបានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០១៧និងលើកទិសដៅអនុវត្តឆ្នាំ២០១៨ក្រោមការអញ្ជើញចូលរួមពីលោកតូចប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តនិងអស់លោកលោកស្រីជាមន្ត្រីដែលមានការពាក់ព័ន្ធនៅតាមបណ្តាស្រុកក្រុងជាច្រើនរូបទៀត។
ថ្លែងនៅក្នុងពិធីនោះលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ៖ ដើម្បីជំរុញឲ្យវិស័យសុខាភិបាលទទួលជោគជ័យកាន់តែធំធេងថែមទៀតនោះ គឺទាមទារឲ្យមន្ទីរសុខាភិបាលខេត្តត្រូវមានកិច្ចសហការអោយបានល្អជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងវិស័យឯកជនផងដែរ។
លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា ៖ វិស័យសុខាភិបាលទាំងសាធារណៈនិងឯកជនត្រូវដើរតួជាដៃគូ អភិវឌ្ឍន៍និងប្រាស្រ័យទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក ព្រមទាំងខិតខំលុបបំបាត់ភាពអនាធិបតេយ្យលើវិស័យនេះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាជន។
ទន្ទឹមនិងនេះមន្ទីរសុខាភិបាលត្រូវខិតខំពង្រឹងគុណភាពធនធានមនុស្ស ឲ្យបានខ្លាំងក្លាថែមទៀតនៅថ្នាក់មណ្ឌលសុខភាពដែលជាកម្រឹតមួយនៅជិតនឹងប្រជាជនជាងគេ។
លោកអភិបាលរងខេត្តក៏បានលើកឡើងបន្តទៀតថា ៖ ត្រូវរៀបចំបែងចែកនិងគ្រប់គ្រងធនធានមនុស្សអោយបានល្អប្រសើរធានាថាធនធានមនុស្សគ្រប់កំរិតបច្ចេកទេស សម្រាប់បំរើវិស័យសុខាភិបាលក្រកបដោយប្រសិទ្ធភាពនៅគ្រប់បណ្តាញសុខាភិបាលទាំងទីក្រុងនិងជនបទ។
ហើយការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលដែលជាកាតព្វកិច្ចរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ជាការចាំបាច់ តែបើមន្ត្រីសុខាភិបាលទាំងអស់មិនគោរពមនសិការវិជ្ជាជីវៈសុខាភិបាលអោយបានម៉ឺងម៉ាត់ទេនោះ វានឹងធ្វើអោយប្រជាជនបាត់ជំនឿមកប្រព័ន្ធសុខាភិបាលរបស់យើង ហើយក៏ធ្វើឲ្យធ្លាក់ចុះបទពិសោធន៍ នៃចំណុចខ្លាំង និងចំណុចខ្សោយដែលយើងទទួលបានក្នុងការអនុវត្តផែនការឆ្នាំ២០១៧កន្លងមក។ លោកតូចប៉ូ លីវ៉ា មានទំនុកចិត្តថា វិស័យសុខាភិបាលក្នុងខេត្តរបស់យើងនឹងសម្រេចបាននូវសមិទ្ធផលនិងវឌ្ឍនភាព ថ្មីៗជាច្រើនថែមទៀតនៅក្នុងការអនុវត្តផែនការប្របត្តិប្រចាំឆ្នាំ២០១៨និងឆ្នាំបន្តបន្ទាប់ទៀត។
បើតាមរបាយការណ៍បញ្ជាក់ដែលអានដោយលោកវេជ្ជបណ្ឌិតកែរដ្ឋាបានអោយដឹងថា ៖ សមិទ្ធផលនិងវឌ្ឍនន៍ភាពវិស័យសុខាភិបាលឆ្នាំ២០១៧ផ្អែកតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រដ្ឋាភិបាលមានដូចតទៅ៖ ខេត្តស្វាយរៀងមាន៨ស្រុក ក្រុងស្មើរនឹង៨០ឃុំ-សង្កាត់ ៦៩០ភូមិ ប្រជាពលរដ្ឋសរុប៦២៣៨៣៤នាក់ (ស្ត្រី៣២១,៧៦២នាក់) មានស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យខេត្ត១, មន្ទីពេទ្យបង្អែក៤ មានគ្រែសរុប៣៩១ និងមានមណ្ឌលសុខភាព៤៣ ប៉ុស្តិ៍សុខភាព១។ ក្នុងឆ្នាំ២០១៧នេះ មន្ត្រីសុខាភិបាលបានទទួលក្របខ័ណ្ឌប្រចាំឆ្នាំ៣៤នាក់ និងក្របខ័ណ្ឌពិសេស៨៩នាក់។ មន្ត្រីសុខាភិបាលកំពុងបម្រើការងារសរុប៦៩០នាក់ (ស្ត្រី៣៣៨នាក់) ៕ វ៉ៃកូ