ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ជាឃាតករសម្លាប់មនុស្សនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចរត់គេចខ្លួនក្នុងទឹកដីក្នុងស្រុកថ្មគោលខេត្តបាត់ដំបង ត្រូវបានកងកម្លាំងនគរបាលជំនាញខេត្តបាត់ដំបងស្រាវជ្រាវចាប់ខ្លួនបាន និងប្រគល់ជូនកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្នុងសំណុំរឿងឃាតកម្មលើគ្រួសារឈ្មោះ កាន់ នីកា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលថា ៖ អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៌ត្រីជេត វណ្ណីស្នងការរងទទួលបន្ទុកផែនយុត្តិធម៌បានដឹកនាំភារកិច្ចចុះ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល កាលពីថ្ងៃអង្គារទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៨:៤០នាទីនៅចំណុច ក្រុមទី២៩ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះបឿន សំប៊ុស ហៅប៉ាវ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃាតកម្មលើគ្រួសារឈ្មោះ កាន់ នីកា ភេទស្រីអាយុ២៥ឆ្នាំរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤ទៀបភ្លឺ ចំណុចភូមិសង្កាត់កើតហេតុខាងលើ។
ក្រោយពីការឃាត់ខ្លួនជន សង្ស័យរូបនេះរួច លោកឧត្តមសេនីយ៏ត្រី ជេត វណ្ណនី លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានធ្វើការប្រគល់ជនសង្ស័យជូនលោកវរសេនីយ៍ឯក ធិន សិនដេត អធិការក្រុងប៉ោយប៉ែត្រដើម្បីចាត់ការតាមនីតិវិធីបន្ត ដែលជាម្ចាស់សំណុំរឿងនៃទីតាំងកើតហេតុ៕ ដោយ ៖ បញ្ញាស័ក្តិ